ភ្នំពេញ:បើតាមផេកផ្លូវការរបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)បានឲ្យដឹងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២១នេះថា ក្រុមអ្នកបច្ចេកទេសសុនខ(ឆ្កែ)នៃអង្គភាពស៊ីម៉ាក់ សហការជាមួយក្រសួងសុខាភិបាល បាននឹងកំពុងពិភាក្សាគ្នាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខហិត រកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។
បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានចុះមកពិនិត្យការងារសុនខ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង។ការចុះពិនិត្យការងារសុនខរបស់ឯកឧត្តមហេង រតនា ដើម្បីរៀបចំត្រៀមលក្ខណៈ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)។អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់ បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការ ជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាល។ពីមុនមកប្រទេសកម្ពុជា ធ្លាប់តែទិញសត្វសុនខពីប្រទេសគេ ក្នុងមួយក្បាលតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្ដែដល់ពេលឥលូវនេះ កម្ពុជាអាចបង្កាត់សត្វសុនខ ឲ្យខ្លួនឯងបាន និងអាចនាំចេញទៅក្រៅបានថែមទៀត។បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មានសុនខ ដែលមានសមត្ថភាពក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថានផងដែរ។ សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិត រកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ៕ដោយ វាយោ