ភ្នំពេញ ៖សមត្ថកិច្ចបានឲ្យដឹងថា តាមចម្លើយសារភាព និងចង្អុលបង្ហាញ របស់ជនសង្ស័យឈ្មោះ ហេង ច្រឹប ភេទ ស្រី (ដែលបានឃាត់ខ្លួន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១) កម្លាំងអាវុធហត្ថខេត្តតាកែវ បានសុំពន្លាតដែនសមត្ថកិច្ច មករាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ លើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការសម្របសម្រួល ពី ឯកឧត្ដម ជីវ ចាន់តារា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តតាកែវ និង លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអម សាលាដំដូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៦ និង១៥នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ កម្លាំងចម្រុះ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ។
លោកវរសេនីយឯក ង៉េត ចាន់ធី មេបញ្ជាការរង អាវុធហត្ថខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨នេះថា សមត្ថកិច្ចចម្រុះបានចាប់ជនសង្ស័យ ចំនួន២នាក់ ១-ឈ្មោះ ឡុង សាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ (ឃាត់នៅចំណុចលើផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និង២-ឈ្មោះ ឡុង សុខណា ភេទស្រី អាយុ៣១ឆ្នាំ(ឃាត់នៅចំនុចផ្លូវ១៦៦ ក្បែរផ្សារអូឬស្សី សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បន្ទាប់មក កម្លាំងជំនាញចម្រុះ បាននាំជនសង្ស័យទាំងពីរនាក់ ទៅឆែកឆេរផ្ទះលេខ ១៤៨ ផ្លូវ១២២ ភូមិ១១ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៦ និង៣០នាទី នាថ្ងៃខែឆ្នាំដដែល ដកហូតវត្ថុតាងរួមមាន ៖ ថ្នាំគ្រាប់ពណ៌បៃតងខ្ចី (សង្ស័យជា សារធាតុញៀន ចំនួន១៥គ្រាប់) ក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ សង្ស័យជា គ្រឿងញៀន) ម៉ូតូ០២គ្រឿង និងរថយន្ត ០១គ្រឿង (ម៉ាកBMW ពណ៌ស ស្លាកលេខ ខ.ភ.ម ០២:៤៧៥០) រួមជាមួយ ឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់វេចខ្ចប់ គ្រឿងញៀន មួយចំនួន។
សូមរំលឹកថា បន្ទាប់ពីបានទទួលបទបញ្ជា លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ នៅវេលាម៉ោង២២ និង២០នាទី យប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថ ចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ
ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) បានចំនួន០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម ។
ក្រោយពីស្ដាប់ចម្លើយ ជនសង្ស័យខាងលើ បានសារភាពថាខ្លួនបានបញ្ជាទិញគ្រឿងញៀន ពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិត ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយបានការអនុញ្ញាត ពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ ធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដឹកនាំបញ្ជារួម ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស កំលាំងអាវុធហត្ថខេត្តតាកែវចាប់បានជនសង្ស័យម្នាក់ទៀត ឈ្មោះហេង ច្រឹប ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធ៍សែនជ័យ ដកហូតថ្នាំញៀន ក្រាមពណ៌សថ្លា(ICE) ចំនួន០៥កញ្ចប់ ទម្ងន់ប្រហែល ៥០០ក្រាម និងបន្តទៅឆែកឆេរផ្ទះជួល រកឃើញថ្នាំញៀន ក្រាមពណ៌សថ្លា(ICE) ចំនួន០៥ដុំធំ ទម្ងន់ប្រហែល ៥គីឡូក្រាម និងស្លាកលេខរថយន្ត មុខក្រោយ កោះកុង 2A-0435 -ភ្នំពេញ2A-7793 -ភ្នំពេញ2N-4163
។
នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន។ ជំនាញបានធ្វើតេស្តបឋម ចំពោះមុខជនសង្ស័យ លទ្ធផលតេស្ត មានចេញពណ៌ត្នោតលឿងទុំ ដូចមានក្នុងគីមីពិសោធន៍ ពិតប្រាកដមែន ។ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាង ការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅអមសាលាដំបូងខេត្តតាកែវ ដើម្បីបន្តនិងិវិធីតាមផ្លូវច្បាប់ ៕ដោយ៖ភក្តី