សៀមរាប៖កម្លាំងសមត្ថកិច្ចចម្រុះ បានសហការគ្នា បើកការបង្ក្រាបទ្រង់ទ្រាយធំ ករណីបទល្មើសនេសាទ(ប្រភេទរុញស៊ីប)នៅក្នុងភូមិសាស្ត្រនៃតំបន់បឹងទន្លេសាប ដោយបានឃាត់ខ្លួនជនល្មើសចំនួន ៨នាក់រួមនិងវត្ថុតាងមួយចំនួន។ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៨ខែមីនាឆ្នាំ២០២១នៅក្នុងភូមិសាស្ត្រនៃស្រុកសូនិគម នៃខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប និងដោយមានការឯកភាពពី លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែ មីនា ឆ្នាំ ២០២១នេះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងនគរបាលការិយាលល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកសូរ ប្លាតុង ប្រធាន គណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង បានធ្វើការល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរួមចំណែករក្សាធនធានជលផលធ្វើជាស្បៀងបម្រុងជូនបងប្អូនប្រជាសហគមន៍ នៅចំនុចព្រំប្រទល់ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង និង កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា ជាលទ្ធផលក្រុមការងារបានធ្វើការបង្ក្រាប នឹងឃាត់ខ្លួនអ្នកនេសាទខុសច្បាប់(រុញស៉ីប)បានចំនួន៨នាក់ និងដកហូតឧបករណ៍នេសាទខុសច្បាប់បានដូចជា៖-កាណូតស្មាច់ចំនួន ៨គ្រឿង-សាច់សុីប(ជន)មានចំនួន៨គ្រឿង មានក្រឡាពី២ហ៊ុនទៅ៣ហ៊ុន -ដងស៉ីបចំនួន៨គូរ ស្មើរនឹង១៦ដង មានប្រវែង៦ ម៉ែត្រ-ម៉ាស៉ីនម៉ាកកាវ៉ាកម្លាំងម៉ាស៉ីន ១៨សេស ចំនួន២១គ្រឿង ។-ត្រីចម្រុះតូចធំចំនួន១៥១គីឡូក្រាម។បច្ចុប្បន្នអ្នកនេសាទ និងវត្ថុតាង ខាងលើត្រូវបានធ្វើការ បញ្ជូនទៅផ្នែករដ្ឋបាលជលផលដំដែកស្រុកសូទ្រនិគម ដើម្បីចាត់ចែងតាមនីតិវិធីតាមផ្លូវច្បាប់៕ដោយ៖វាយោ