បាត់ដំបង៖សមត្ថកិច្ចបានឲ្យដឹងថា មនុស្ស ៤នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤និង០៥នាទី ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ប្រភពពីមន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងដឹកស្រូវ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-0409 របស់ក្រុមហ៊ុនអក្សរ K បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុផ្លូវកោង រថយន្តបានដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរស្លាប់ចំនួន០៤នាក់ (មិនស្គាល់អត្តសញ្ញាណកប់នៅក្រោមរថយន្ត) និងខូចខាតរថយន្ត១គ្រឿង។ ប្រភពដដែលបន្តថា កម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កំពុងចុះធ្វើកំណត់ហេតុនិងស្រាវជ្រាវសាវតាជនរងគ្រោះ។ សមត្ថកិច្ចបានធ្វើការលើកស្ទូចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំចំណាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖រស្មី