Friday, November 22, 2024
Header Banner

ថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន ៤,០០០ដូស ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប

សៀមរាប៖នៅមន្ទីរពេទ្យបង្អែកចំនួន២កន្លែង និងមណ្ឌលសុខភាពចំនួន២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលប្រតិបត្តិការដោយគ្រូពេទ្យជំនាញចំនួន២៤ក្រុម បានដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការកូវីដ-១៩  ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភពលោក (WHO) បានមើលឃើញថា  វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម   ផលិតដោយប្រទេសចិន មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់អង្គការ WHO ហើយ វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) បានដឹកជញ្ជូនមកដល់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣១ ខែមីនា និងត្រូវបានដឹកជញ្ជូនបែងចែកបន្តទៅតាមបណ្តាគោលដៅនានាខាងលើ ក្នុងថ្ងៃទី០១ ខែមេសា នេះបើយោងតាមការឲ្យដឹងដោយ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត។ ក្នុងដំណើររួមគ្នានៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ដែលបានដាក់ចេញដោយគណ:កម្មការចំពោះកិច្ចរបស់ខេត្ត យុទ្ធនាការនេះ ត្រូវបានចាប់ផ្តើមដំណើរការដំបូង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

 នៅក្នុងផែនការគ្របដណ្តប់ការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩នេះ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញឲ្យដឹងថា លើគោលដៅទាំង១២ក្រុង-ស្រុក ត្រូវបានអនុគណ:កម្មការចំពោះកិច្ច រៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងនេះចំនួន២២កន្លែង ក្នុងនោះរួមមាននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកសូទ្រនីគម,  ដែលប្រតិបត្តិការដោយក្រុមគ្រូពេទ្យចំនួន៤ក្រុម និងគ្រូពេទ្យចំនួន២០ក្រុមផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅតាមបណ្តាមណ្ឌលសុខភាពចំនួន២០ទីតាំងទៀតទូទាំងខេត្តសៀមរាប។

នៅក្នុងផែនការរបស់មន្ទីរសុខាភិបាលខេត្តនេះដែរ បានបង្ហាញថា សម្រាប់មួយថ្ងៃបូងនេះ  វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ ( ស៊ីណូវ៉ាក់ ) ប្រមាណជា ៤,០០០ដូស  ត្រូវបានចាក់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត មន្រ្តីរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីបុគ្គលិកចូលនិវត្តផងដែរ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និងមិនប្រកាន់និន្នាការអ្វីនោះឡើយ។

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ត្រូវបានចរាចរណ៍ឱ្យប្រើប្រាស់នៅលើបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ឆ្លើយតបទៅនឹងការរាតត្បាត នៃជម្ងឺកូវីដ-១៩។ ក្រោមចំណងជើងថា៖ ទីបំផុត ទៅ !  អង្គការសុខភាពពិភពលោក សម្រេចថា  ” វ៉ាក់សាំងចិន មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់អង្គការ WHO ហើយ” ដែលត្រូវបានចេញផ្សាយដោយគេហទំព័រក្នុងស្រុកកាលពីថ្ងៃទី០១ ខែមេសានេះ ដោយយោងតាមប្រភពព័ត៌មានពីបរទេស ( CGTN )។

លោកវេជ្ជបណ្ឌិត Alejandro Cravioto   ប្រធានក្រុមជំនាញរបស់អង្គការសុខភាពពិភពលោក បង្ហើបឲ្យដឹងថា  វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ( ស៊ីណូវ៉ាក់ និង ស៊ីណូហ្វាម )  កំពុងស្ថិតក្នុងដំណើរការវិភាគចុងក្រោយរបស់អង្គការសុខភាពពិភពលោក ហើយអាចនឹងត្រូវសម្រេចឆាប់ៗនេះ  សម្រាប់ការដាក់ប្រើប្រាស់ជាផ្លូវការ ព្រោះវាមានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់WHOហើយ ហើយសេចក្តីប្រកាសការសម្រេចចិត្តនោះ អាចនឹងធ្វើឡើងជាសាធារណ: នាអំឡុងដើមខែមេសាឆ្នាំ២០២១នេះ ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម