សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះណែនាំម្តងជា២ដង ដល់អ្នករកស៊ីជួញដូរនិងលក់សាច់សុនខ(ឆ្កែ) រួចមក មន្ត្រីបសុពេទ្យខេត្តសៀមរាប នៅរសៀលថ្ងៃទី០២ខែមេសាឆ្នាំ២០២១ បានចុះទៅបិទហាងទាំងនោះដែលនៅសេសេសល់ក្នុងក្រុងសៀមរាប ឲ្យឈប់និងរកមុខរបរថ្មីវិញ។
អ្នកលក់សាច់សុនខ(ឆ្កែ)ឈ្មោះ ជី សុជាតិ នៅជិតវត្តពោធិ២ដើម បានឲ្យដឹងថា នេះជាលើកទី២ហើយដែល មន្ត្រីជំនាញបសុពេទ្យសត្វបានធ្វើកិច្ចសន្យាឲ្យបិទ និងទុកឱកាសផ្លាស់ប្តូរមុខរបររកស៊ីផ្សេងទៀត។លោកបន្តថា ដោយសារមិនទាន់មានមុខរបរថ្មី លោកនៅបន្តបើកលក់បន្តិចបន្ទួច។តែនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះមន្ត្រីជំនាញបសុពេទ្យសត្វខេត្តបានសម្រេចចុះបិទតែម្តង។លោក ជី សុជាតិ ម្ចាស់ហាង នៅក្បែរវត្តពោធិពីរដើម បានបញ្ជាក់ថា ចំពោះការចោទប្រកាន់តាមបណ្តាញសង្គមហ្វេសបុក ថា មានមន្ត្រីបសុព្យាបាលចុះមកយកលុយកន្លែងលោក នោះវាគឺជារឿងមិនពិតមួលបង្កាច់ គ្មានមូលដ្ឋានត្រឹមត្រូវពីសំណាក់មនុស្សអវិជ្ជាមួយចំនួនតែប៉ុណ្ណោះ។
លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានបង្ហាញថា កាលពីថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១កន្លងទៅ ដោយទទួលបានការណែនាំពីលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ដើម្បីចុះអនុវត្តផ្ទាល់ជាមួយមន្ត្រីបសុពេទ្យ និងសហការជាមួយស្នងការនគរបាលខេត្ត (ការិយាល័យចរាចរណ៍ផ្លូវគោក) បានឃាត់ចាប់សត្វសុនខ (ឆ្កែ) ចំនួន ៦១ក្បាល ដឹកតាមរថយន្តម៉ាកសាំយ៉ុង ពាក់ស្លាកលេខ ២S២១៥៨ ចេញពីខេត្តបន្ទាយមានជ័យឆ្ពោះទៅខេត្តកំពង់ចាម ។ លោក បន្តថា សត្វសុនខទាំង ៦១ក្បាលនេះ មន្រ្តីជំនាញបសុពេទ្យបានយកមករក្សាទុកធ្វើចត្តាឡីស័ក តាមលក្ខណ:បច្ចេកទេស (ដោយសហការជាមួយអង្គការ ( Four Paws ) នៅស្ថានីយស្រាវជ្រាវសុខភាពសត្វ និងផលិកម្មសត្វទឹកវិលផងដែរ។ បើតាមការលើកឡើងពីលោកស្រី ឯក សុធា តំណាងអង្គការ (Four Paws) បានឲ្យដឹងថា ការចំណាយក្នុងការថែទាំសុខភាព និងជម្រកសត្វសុនខ (ឆ្កែ) ទាំង ៦១ក្បាលក្នុងរយះពេល ២ខែនេះ គឺយើងចំណាយអស់ប្រមាណ២០,០០០ដុល្លារ។លោកបញ្ជាក់ថា ករណីដែលគេបង្ហោះរិះគន់គ្មានមូលដ្ឋាននៅក្នុងបណ្តាញសង្គម ថា ខាងមន្ទីរជំនាញយកលុយកាក់នោះវាគឺជារឿងមិនពិតនោះទេ ហើយមន្ត្រី និងថ្នាក់ដឹកនាំមានតែចុះណែនាំដល់អាជីវករឲ្យបញ្ឍប់ការជួញដូរសុនខ(ឆ្កែ) ដោយបានពន្យល់ពួកគាត់ឲ្យរកមុខរបរថ្មីដែលល្អជាងនេះដើម្បីចិញ្ចឹមគ្រួសារ។លោកបន្តថា បន្ទាប់ពីសមត្ថកិច្ចជំនាញចុះណែនាំម្តងជា២ដង រួចមកក៏នឹងត្រូវចាប់ផ្តើមអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបានកំណត់មក។លោកព្រំ វិច បានសំណូមពរចំនួន៣ចំណុចថា ទី១ សូមអាជីវករទាំងអស់រកមុខរបរថ្មី ថ្លៃថ្នូរស្របច្បាប់ និងលើកតម្លៃខេត្តសៀមរាប ជាខេត្តវប្បធម៌ផងដែរ ទី៣ចំពោះអ្នកនិយមពិសារសាច់សុនខ ក្នុងរយៈកាលកន្លងមក មេត្តាអធ្យាស្រ័យយល់យោគ ពីព្រោះវាអាចប៉ះពាល់សេចក្តីថ្លៃស្នូររបស់អ្នកហូប និងអាចប៉ះពាល់ដល់សុខភាពផងដែរព្រោះសត្វសុនខ(ឆ្កែ)ទាំងនោះវាមិនមែនមានសុខភាពល្អទាំងអស់នោះទេ។
គួររម្លឹកផងដែរថា នៅទូទាំងប្រទេសគេសង្គេតឃើញខេត្តសៀមរាប ជាគោលដៅមួយដែលអង្គការនិងថ្នាក់ដឹកនាំបានយកចិត្តទុកដាក់និងជម្រុញឲ្យមានការឈប់ជួញដូរសាច់សុនខ(ឆ្កែ) ដើម្បីលើកមុខមាត់នៃខេត្តទេសចរណ៍និងដើម្បីការពារសុខភាពពលរដ្ឋផងដែរ។ដោយឡែកនៅតាមបណ្តាខេត្តមួយចំនួន គេសង្គេតឃើញថានៅមានការជួញដូរសត្វសុនខ(ឆ្កែ)ជាធម្មតា៕ដោយ៖ភក្តី