សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា កាលនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ម្សិលមិញ ថ្នាក់ដឹកនាំជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តសៀមរាប បានចុះពិនិត្យមើលសហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិ បឹងពារាំង ដើម្បីរក្សាទឹកទុកសម្រាប់ជម្រកត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានបង្ហាញថា សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុងឃ្នៀស ដែលជាកន្លែងអភិរក្សពូជត្រី និងទីជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ បញ្ហាទឹកដោយមានការគោករាក់ជារៀងរាល់ឆ្នាំនោះ។ វាជាបញ្ហាប្រឈមនឹងការបាត់បងត្រីពូជ និងទីជម្រកសត្វស្លាបទៅអនាគត រដ្ឋបាលខេត្តសៀមរាបបានរៀបចំជីក បូម ស្តារ បឹងពារាំងដើម្បីរក្សាទឹកទុកសម្រាប់អភិរក្សត្រីពូជនិងជម្រកសត្វស្លាបកម្រជាច្រើន ដែលរស់នៅក្នុងទីតាំងបឹងពារាំង ដោយមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តគម្រោង ជីក បូម ស្តារ តាមផែនការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃបញ្ចប់គម្រោង។
លោក គង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានឲ្យដឹងថា ជាការពិតណាស់សហគមន៍ទាំងពីរ និងធ្វើការជីក បូម ស្តារ បឹងពារាំងចាប់ពីថ្ងៃទី១ខែមេសានេះតទៅ តាមរយ:សាលាខេត្តសៀមរាប។ ដ្បិតបឹងពារាំងនេះ គឺវាស្ថិតក្នុងសង្កាត់ចុងឃ្នៀសនិងសង្កាត់ជ្រាវផង។ គឺសង្កាត់ចុងឃ្នៀស យើងអាចបូមយកល្បាប់ភក់ចេញ។ ដោយឡែក ចំពោះសង្កាត់ជ្រាវយើងអាចជីកស្តារទាំងស្រុង ព្រោះមួយផ្នែកធំ ទឹកបានរីងស្ងួតអស់ទៅហើយ។ ក្នុងការជីកស្តារនេះ បើយើងជីកបានហើយ ទឹកនឹងចេញមកវិញ នោះយើងរក្សាទឹកជាធម្មតា តែបើមិនមានទឹកចេញទេ គឺយើងត្រូវបូមទឹកពីទន្លេសាបបញ្ចូលក្នុងបឹងវិញ ធ្វើបែបនេះ ទើបយើងអាចរក្សាត្រីមេពូជ និងសត្វស្លាប់គ្រប់ប្រភេទបាន។
លោក បញ្ជាក់ទៀតថា បឹងពារាំង គឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសជាងនេះទៅទៀតនោះ គឺសត្វស្លាបទឹកគ្រប់ប្រភេទដែលវាហែលទឹកហោះហើរប្រឡែងគ្នាលែងយ៉ាងរហង្ស។ បឹងនេះមានចម្ងាយពីទីប្រជុំជននៃសង្កាត់ជ្រាវប្រមាណជាង៦គីឡូម៉ែត្រ មានទំហំសរុប ២៦០៧.៧១ហិកតា។ ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមនៅសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងលើនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់រហ័សដែរ។ បើយើងមិនមានវិធានការសង្គ្រោះទាន់ពេលទេ ទាំងត្រីនិងសត្វ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង។ ជាចុងក្រោយ លោក ប្រធានសហគមន៍ ក៏បានបង្ហាញនូវការដឹងគុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ជាពិសេសអភិបាលខេត្តសៀមរាប ដែលបានគិតគូអំពីធនធានរបស់ថ្នាក់ដឹកនាំពិតប្រាកដ៕ ដោយ៖ ភក្តី