កំពង់ចាម៖ បើមើលតាមរយៈវីដេអូ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក គឺបញ្ជាក់ថាពិតជាករណីហិង្សាយ៉ាងឃោឃៅចំពោះក្រុមអ្នកសារព័ត៌មាន ដែលត្រូវបានក្រុមអ្នកមើលផ្លូវអោយអ្នកលេងល្បែងស៊ីសងបញ្ជល់មាន់ ប្រើអំពើហិង្សារវាយកញ្ចក់រថយន្តខ្ទេចគ្មានសល់។ ការប្រើអំពើហិង្សាយ៉ាងសាហាវយុងឃ្នង រំលោភលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់សារព័ត៌មាន ភ្នំពេញថាមស៍ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១នេះថា ករណីលោក កាំង គឹមហុង អធិការរងស្រុកជើងព្រៃ ដែលលេចមុខចេញលុយជំនួសអោយក្រុមជនអន្ធពាល ដល់ជនរងគ្រោះចំនួន ៥០០ដុល្លារនោះ។ ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា លោកបានប្រគល់សំណុំរឿងទៅលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បើកការស៊ើបអង្កេត ចំពោះលទ្ធផលលោកក៏កំពុងរង់ចាំ និងមានវិធានការចាត់ការបន្ត។
ទាក់ទងករណីខាងលើលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០២ ខែមេសាដដែលនេះ សារព័ត៌មាន ភ្នំពេញថាមស៍ មិនអាចសុំការបំភ្លឺបានទេ ដោយហៅទូរស័ព្ទចូល ហើយចុចបិទ។
សូមរំលឹកថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅភូមិឈើទាល ឃុំតាសែន ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មានក្រុមអ្នកញៀនល្បែងលួចបើកសង្វៀនបញ្ជល់មាន់ លោក នួន រឿង អ្នកយកសារព័ត៌មានប្រចាំអង្គភាព KN Hot News បានធ្វើដំណើរជាក្រុមក្នុងគោលបំណងផ្តិតយករូបភាពដើម្បីរាយការណ៍ជូនថ្នាក់ស្រុក-ខេត្ត ដើម្បីចុះមកហាមឃាត់ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ។ ជាពិសេសជៀសវាងការជួបជុំនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមកាសេចក្តីរណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែ ក្រុមអ្នកសារព័ត៌មានត្រូវបានរារាំងពីក្រុមជនអន្ធពាលមួយក្រុមកាងបទល្មើស ប្រើអំពើហិង្សារដោយធ្វើការវាយកញ្ចក់រថយន្តបែកខ្ទេចស្ទើរទាំងស្រុង។
ក្រោយពីមានករណីហិង្សារលើក្រុមងអ្នកសារព័ត៌មាន លោក នួន រឿន ជាជនរងគ្រោះបានរត់ទៅប្តឹងនៅអធិការស្រុកជើងព្រៃ ប៉ុន្តែមន្ត្រីនគរបាលនៅអធិការស្រុកមិនទទួលពាក្យបណ្តឹង ជនរងគ្រោះក៏រត់ទៅប្តឹងកងរាជអាវុធហត្ថស្រុកជើងព្រៃ ក៏គេមិនទទួលដែរ។ លោក នួន រឿន ក៏បានហៅទូរស័ព្ទចូលឯកឧត្ត អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ហើយរៀបរាប់ដំណើររឿងខាងលើ។ ឯកឧត្តម អភិបាលខេត្តក៏បញ្ជាភ្លាមមកអាជ្ញាធរស្រុកជើងព្រៃ ដើម្បីស្រាវជ្រាវរឿងនេះជាបន្ទាន់។ ក្រោយពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកអភិបាលខេត្ត លោកវរសេនីយ៍ទោ ជាង សែ អធិការរងទទួលផែនសណ្តាប់ធ្នាប់ បានហៅអ្នកសារព័ត៌មានដែលរងគ្រោះ មកអធិការស្រុកដើម្បីសួរនាំ ស្រាប់តែពេលនោះក៏លេចមុខ លោកវរសេនីយ៍ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃមកបំភ្លៃ ថាករណីហិង្សារខាងលើជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយយកមនុស្សម្នាក់មកទទួលកំហុស និងសងទៅជនរងគ្រោះ ដែលខូចខាតរថយន្តចំនួន ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។ ដោយមានការភ័យខ្លាចពីក្រុមជនអន្ធពាល ធ្វើបាបតាមផ្លូវម្តងទៀត លោក នួន រឿន អ្នកយកព័ត៌មានប្រចាំអង្គភាព KN Hot News ខាំមាត់សង្កត់ចិត្ត ទទួលយកលុយពីលោកវរសេនីយ៍ កាំង គឹមហុង អធិការរងនគរបាលស្រុកជើងព្រៃ ក៏បើករថយន្តទាំងខូចខាតមកស្នាក់ការសារព័ត៌មានរបស់ខ្លួនវិញទាំងអស់សង្ឃឹម។
យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបញ្ជល់មាន់ខាងលើគឺបើកលេងរាល់ថ្ងៃ ដោយមិនខ្វល់ពីជំងឺឆ្លងកាចសាហាវកូវីដ-១៩ ហើយករណីហិង្សាលើក្រុមអ្នកសារព័ត៌មាន ក៏មិនមែនតែលើកនេះដែរ គឺច្រើនលើកច្រើនសារមកហើយ។ យ៉ាងច្រើនគេប្រឌិតរឿងហិង្សាដោយចេតនា ទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
ក្រុមអ្នកសារព័ត៌មានរងគ្រោះសំណូមពរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មេត្តាបើកការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងឃាត់ខ្លួនអ្នកកាងបទល្មើសយកមផ្តន្ទាទោសតាមផ្លូវច្បាប់ ស្របតាមគោលការណ៍ភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕ដោយ៖សុធី