Tuesday, May 13, 2025
Header Banner

អាជ្ញាធរចម្រុះនៃខេត្តសៀមរាប បានចុះវាយរបងដែលធ្វើបំពានលើប្រឡាយទឹក នៅភូមិដកពោធិ៍

សៀមរាប៖បន្ទាប់ពីធ្វើកិច្ចសន្យាចំនួន២ដងមិនស្តាប់ អាជ្ញាធរចម្រុះនៃខេត្តសៀមរាប បានចុះវាយរបងដែលធ្វើបំពានលើប្រឡាយទឹក ចោលនិងរឹបអូសយកសម្ភារៈមួយចំនួនទៅប៉ុស្តិ៍ដើម្បីដោះស្រាយតាមច្បាប់។ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី ៤ខែមេសាឆ្នាំ២០២១ក្នុងភូមិដកពោធិ សង្កាត់ស្លក្រាម ក្រុសៀមរាប ខេត្តសៀមរាប។

លោក ហាយ យ៉ុង តំណាងអាជ្ញាធរក្រុងសៀមរាប បានឲ្យដឹងថា ដោយមើលឃើញថា ម្ចាស់ផ្ទះបានសាងសង់របង​និងគ្រោងធ្វើរោងបន្តរំលោភលើដីចំណីប្រឡាយ ទើបអាជ្ញាធរបានចុះមកណែនាំចំនួន២ដងរួចមកហើយ។តែដោយម្ចាស់ផ្ទះមិនស្តាប់តាមការណែនាំ នៅថ្ងៃទី៤ខែមេសាឆ្នាំ២០២១ នេះ កម្លាំងអាជ្ញាធរចម្រុះនៃខេត្តសៀមរាប និងសមត្ថកិច្ចមូលដ្ឋាន បានចុះមកហាមឃាត់និងវាយកម្ទេចរបងដែលធ្វើអំពីថ្ម នោះចោលទាំងស្រុង និងរឹបអូសយកសម្ភារៈសំណង់មួយចំនួនយកទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ក្នុងនោះដែរ អាជ្ញាធរស្នើឲ្យម្ចាស់ផ្ទះសាងសង់ទៅតាមផ្លូវច្បាប់។

  សូមរម្លឹកថា នៅក្នុងក្រុងសៀមរាប មានការសាងសង់សំណង់ជាច្រើនករណីដែលរំលោភលើចំណីផ្លូវ ហើយនៅពេលថ្មីៗនេះ ដើម្បីលើកមុខមាត់ខេត្តបេះដូងទេសចរណ៍អាជ្ញាធរខេត្តនិងក្រុងបានប្រើធម៌ក្តៅចំពោះសំណង់ជាច្រើន  ធ្វើឲ្យមហាជន សាទរចំពោះចំណាត់ការនេះ។ឆ្លៀតក្នុងឳកាសនេះដែរ គេសង្ឃឹមថា អាជ្ញាធរខេត្តសៀមរាប​ នឹងបន្តបោសសម្អាតសំណង់អាណាធិបតេយ្យក្នុងក្រុងសៀមរាប ឲ្យបានស្អាតថែមទៀត និងឈានទៅរកទីក្រុងទេសចរណ៍ពណ៌បៃតង គួរឲ្យចង់គយគន់ពីសំណាក់អ្នកផងទាំងពួង៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម