សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា អ្នកបង់សំណាញ់ម្នាក់ ចូលទៅរ៉ាវរកត្រីក្រោមមាត់ច្រាំងក្រោមគុម្ពឬស្សី ស្រាប់តែបាក់ដីសង្កត់ក្នុងទឹកអូររហូតដល់ស្លាប់យ៉ាងអណោចអធ័ម។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចចម្រុះចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យលើសព។សមត្ថកិច្ចបន្តថា សពជនរងគ្រោះមានឈ្មោះ ចក់ ចែម ភេទប្រុស អាយុ២១ឆ្នាំនៅភូមិ ឃុំខាងលើ។សមត្ថកិច្ចបន្តថា យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំនៅកន្លែងកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ)និងទី២ឈ្មោះ ឌឿន ដាភេទ ប្រុស អាយុ៣៧ឆ្នាំត្រូវជាបងប្អូនជីដូន មានន័យប្រហាក់ប្រហែលគ្នាបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀលបាននាំគ្នាទៅបង់សំណាញ់លុះដល់ម៉ោង៥និង៣០នាទីល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សីចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូនរបស់ខ្លួន ។ ក្រោយពីដឹងថាកូនត្រូវបានដីច្រាំងបាក់សង្កត់នៅក្នុងទឹកហើយ ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចនិង បានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក ។ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថាសពមានស្លាកស្នាមដាច់រលាត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ ។តាមការពនិត្យ ករណីនេះមិនជាប់ពាក់ព័ន្ធនឹងករណីបទល្មើសនោះឡើយ៕ដោយ៖ភក្តី