ព្រះសីហនុ៖ ជនសង្ស័យ២នាក់ ដែលមានម្នាក់ជាអ្នកទទួលបញ្ចាំផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង០០នាទី។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២២នឹង០៦នាទី ស្ថិតនៅអគារចិន ក្នុងក្រុមទី៤ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ មានករណីលួចម៉ូតូកើតឡើង បង្កដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ចូលបរិវេណអគារលួចយកម៉ូតូចំនួន២គ្រឿង (ម៉ូតូម៉ាក AIR BLADE ពណ៌ក្រហម+ខ្មៅ គ្មានស្លាកលេខ ១គ្រឿង និងម៉ាក ម៉ាកVISION ពណ៌ស្ក គ្មានស្លាកលខេ ១គ្រឿង)។
លោកស្នងការរងបន្តថា ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឆេន ឆាត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិកសន្តិសុខឯកជន បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ កម្លាំងជំនាញបានស្រាវជ្រាវ និងពិនិត្យតាមម៉ាស៊ីនចាប់រូបភាពអាចកំណត់បានអត្តសញ្ញាណជនសង្ស័យ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី បានបន្ថែមថា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង០០នាទី ទើបកម្លាំងជំនាញបានឃាត់ខ្លួនមុខសញ្ញាសង្ស័យ យកមកកាន់
អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូខាងលើកាលពី យប់មិញពិតប្រាកដមែន ហើយម៉ូតូដែលលួចបានយកទៅដាក់ បញ្ចាំឲ្យគេនៅម្តុំឧតុនិយមក្រុមទី២៦ ភូមិ៣ សង្កាត់៣ ក្រុងព្រះ សីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រោយពីបានសុំគោលការណ៍ពីថ្នាក់ដឹកនាំ កម្លាំងជំនាញបន្តតាមនីតិវិធី ចុះទៅធ្វើការឆែកឆេរនៅក្នុងហាងទទួលបញ្ចាំ ឃើញម៉ូតូដូចខាងលើនៅក្នុងហាង ដែលមានម្ចាស់ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ និងបន្តធ្វើការត្រួតពិនិត្យ រកឃើញម៉ូតូចំនួន១៩គ្រឿងទៀតដែលម្ចាស់ហាងទទួលបញ្ចាំដោយគ្មានលិខិតបញ្ជាក់ពីអត្តសញ្ញាណម៉ូតូត្រឹមត្រូវ បានដកហូតយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ
ជាបណ្តោះអាសន្ន រួមមាន៖ ម៉ាកAiR BLADE ចំនួន៣គ្រឿង, ម៉ាកHONDA.C125 ចំនួន៣គ្រឿង, ម៉ាកWAVE ចំនួន៣គ្រឿង, ម៉ាកNEX ១គ្រឿ, ម៉ាកSCOPYចំនួន៣គ្រឿង, ម៉ាកZOOMER ចំនួន២គ្រឿង, ម៉ាកViSiON ចំនួន២គ្រឿង, ម៉ាកLAP ១គ្រឿង, ម៉ាកLEAD ១គ្រឿង, ម៉ាកSiRiUS ១គ្រឿង, ម៉ាកEXCTER ១គ្រឿង, ម៉ាកSMASH.V១គ្រឿង និងម៉ាសុីនកែច្នៃនៃធ្វើសោរម៉ូតូ១គ្រឿង។
ជនសង្ស័យទី១-ឈ្មោះ អោង ណាង ភេទប្រុស អាយុ៣៩ឆ្នាំ (ជនដៃដល់)។ ទី២-ឈ្មោះ សោម សំណាង ភេទស្រី អាយុ២៨ឆ្នាំ (ទទួលបញ្ចាំផលនៃអំពើលួច) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងបន្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ដោយ៖ថង