Tuesday, May 13, 2025
Header Banner

៣ខែដើមឆ្នាំ២០២១ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប ថយចុះ៥០ភាគរយ

សៀមរាប៖បើតាមរបាយការណ៍បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២១ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប មានចំនួនសរុប១៣នាក់ ថយចុះ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នឹងឆ្នាំ២០២០ នេះបើតាមរបាយការណ៍ សកម្មការងាររបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។

របាយការណ៍ក្នុងត្រីមាសទី១ដើមឆ្នាំនេះ បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនសរុប ១១ករណី ថយចុះ ០៧ករណី និងរបួសធ្ងន់ស្រាលសរុបចំនួន ១៤នាក់ ថយចុះ ១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ ភាគច្រើនបង្កដោយអ្នកបើកបរយានយន្តបើកលើសល្បឿនកំណត់ និងបើកបរមិនប្រកាន់ស្ដាំ។លោក ហូ សម័យ អនុប្រធានការិយាល័យសុវត្ថិភាពចរាចរណ៍ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបង្ហាញថា ជាមធ្យម ប្រជាពលរដ្ឋខ្មែរ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៥នាក់ក្នុងមួយថ្ងៃ នេះជាបញ្ហា ដែលប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុខនេះ លោក ហូ សម័យ បង្ហាញផងដែរថា ក្រុមការងារលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត នឹងបន្តរៀបចំចុះអប់រំផ្សព្វផ្សាយ ចងបដាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ក្នុងគោលបំណង ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាពនៅគ្រប់ពេលធ្វើដំណើរ មិនថាទៅទីជិត ឬឆ្ងាយឡើយ ការពារការប៉ះទង្គិចផ្នែកក្បាល និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។ ទន្ទឹមនោះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរព និងអនុវត្តន៍តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន និងជួយក្រើនរំលឹកបន្តដល់បងប្អូន ញាតិមិត្តរបស់ខ្លួនជាប្រចាំ ដើម្បីចូលរួមការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម