Friday, November 22, 2024
Header Banner

សមត្ថកិច្ចសៀមរាប ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ត្រីក្នុងតំបន់ហាមឃាត់(បឹងពារាំង)ទៅតុលាការ

(សៀមរាប)៖សមត្ថកិច្ចបានឲ្យដឹងថា អតីតកីឡាករប្រដាល់សេរី លោកសារឹម វ៉ាន់ថន និងគូកនម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ធ្វើការឃាត់ខ្លួន បន្ទាប់ពីអ្នកទាំង២ ធ្វើសកម្មភាពឆក់ត្រីខុសច្បាប់​នៅក្នុងតំបន់ហាមឃាត់(បឹងពារាំង)។

បើតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សារឹម វ៉ាន់ថន និងឈ្មោះ សៀ ឆៃណា ដែលជាសម្លាញ់នឹងគ្នាបានផឹកស៊ីជុំគ្នានៅចុងភូមិបុស្សក្រឡាញ់ខាងត្បូង ដែលមានម្ចាស់ផ្ទះឈ្មោះទិត្យ ដែលការស៊ីផឹកនេះចាប់ផ្តើមនៅម៉ោងប្រហែល ២០និង០០នាទី ។ របាយការណ៍បន្តថា លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បែកគំនិតខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់ បបុស្ស ស្ថិតក្នុងភូមិសាស្រ្ត ចុងស្រែទំនប់ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប។

ខណៈពេលកំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបានកម្លាំងប្រជាសហគមន៍សង្កាត់ជ្រាវដែលប្រចាំការនៅគោលដៅនោះស្រាប់ចាប់នាំខ្លួន និងទាក់ទងសម្ថកិច្ចប៉ុស្តិ៍ជ្រាវឲ្យចុះទៅយកជនសង្ស័យទាំងពីរ និងឧបករណ៍ឆក់ត្រីមកប៉ុស្តិ៍ដើម្បីបញ្ជូនទៅជំនាញរដ្ឋបាលជលផល ក្នុងដើម្បីកសាងនីតិវិធី។

ជនសង្ស័យទាំង0២នាក់ ដែលឃាត់ខ្លួនមានទី១ ឈ្មោះ សៀ ឆៃណា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងជួសជុលកង់ម៉ូតូ ទីលំនៅបច្ចុប្បន្ន ភូមិ ជ្រាវ សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប ។ ជនសង្ស័យទី២ ឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់។ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុង-ខេត្ត សៀមរាប ។

ក្រៅពីការឃាត់ខ្លួនកម្លាំងនគរបាលបានរឹបអូស សម្ភារៈ និងមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើសមួយចំនួនដូចជា ដុំអាំភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង។

លោកគង់ មង្គល ប្រធានសហគមន៍ ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងថា ជនសង្ស័យបានលួចចូលទៅឆក់ត្រីក្នុងបឹងពារាំងត្រង់ចំណុច បបុស្ស ដែលជាតំបន់ហាមឃាត់ ពិសេសគឺជាតំបន់ត្រីមេពូជ។ អីចឹងទេ ខាងលោកបានប្រគល់ឲ្យជំនាញបន្តនិតិវិធី។
ដោយឡែកលោក ពត វណ្ណដេត នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានបញ្ជាក់តាមូរសព្ទ័នាព្រឹកថ្ងៃទី១២ខែមេសានេះថា ករណីនេះលោកកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១២ខែមេសានេះ។យ៉ាងនេះក្តីគ្រួសាររបស់អតតីកីឡាករ​ខាងលើ ក៏បានស្នើសុំដល់មន្ទីរពាក់ព័ន្ធមេត្តាយោគយល់ពួកគាត់ផង។ព្រោះពួកគាត់ទើបនឹងធ្វើលើកទី១ ហើយឧបករណ៍ឆក់នោះក៏មិនមែនជារបស់ខ្លួនដែរ។ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចបង្ហើបថា ករណីបទល្មើសបែបនេះប្រសិនបើមានការនិយាយគ្នាពីថ្នាក់ក្រោមផាកពិន័យក៏បានដែរ។តែដល់ពេលរាយការណ៍មកថ្នាក់លើអស់បែបនេះពិតជាពិបាកនិងយោគយល់ណាស់គឺមានតែធ្វើតាមច្បាប់៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម