Thursday, November 21, 2024
Header Banner

មន្ទីរជំនាញនិងអាជ្ញាធរខេត្តសៀមរាបបន្តចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺ គោ ក្របី ដល់ផ្ទះអ្នកភូមិ

សៀមរាប ៖ជារឿយៗមន្ទីរកសិកម្មរក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប សហការជាមួយភ្នាក់ងារពេទ្យសត្វភូមិ ចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺ អុតក្តាម សារទឹក បុសខ្យល់ គោ ក្របី។ការចុះចាក់ថ្នាំនេះដែរធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។ ក្នុងនោះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺនានាដល់សត្វគោ ក្របី របស់ប្រជាកសិករ ស្របពេលដែលរដូវវស្សាបានមកដល់។ ជាពិសេសការពារហានិភ័យដល់សត្វពាហនៈ ក្រែងមានទឹកជំនន់ជាយថាហេតុកើតមានក្នុងមូលដ្ឋានណាមួយ។ គោក្របី ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពដែលបង្កឲ្យកើតជំងឺផ្សេងៗ ហេតុនេះ ត្រូវតែចាក់បង្ការ ដើម្បីសុខភាពសត្វ កុំឲ្យឈឺស្លាប់។ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានលើកឡើងថា ៖ ក្រោយពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបពិធីបែងចែកបសុឱសថ និងសម្ភារៈបរិក្ខារបសុពេទ្យ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ទៅដល់លោក លោកស្រីថ្នាក់ដឹកនាំការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ក្រុង ស្រុកទាំង១២ ក្នុងខេត្តសៀមរាបរួចមក ពេលនេះ ប្រធានមន្ទីរកសិកម្ម បានចាត់ឲ្យលោកអនុប្រធានមន្ទីរកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះសហការជាមួយអាជ្ញាធរស្រុក បសុពេទ្យស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ អនុវត្តយុទ្ធនាការចាក់ថ្នាំការពារជំងឺសត្វពាហនៈ ដែលទទួលបានពីអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ដល់ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានទាំង១១ស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ក្រុងសៀមរាប ដែលយុទ្ធនាការនេះប្រព្រឹត្តិទៅមួយសប្ដាហ៍ពេញ។ ការចាក់ថ្នាំការពារជំងឺទៅលើសត្វគោក្របី ត្រូវធ្វើឡើងតាមរយៈមន្ត្រីចុះទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ឬតាមរយៈភ្នាក់ងារពេទ្យសត្វតាមភូមិ ហើយរាល់ការចាក់វាក់សាំងនេះ ពុំបានតម្រូវឲ្យបង់ប្រាក់ឡើយ។ ការចាក់ថ្នាំវ៉ាក់សាំងដល់សត្វពាហនៈ ជាវិធានការណ៍ល្អប្រសើរ ដើម្បីការពារទុកជាមុនកុំឲ្យកើតជំងឺផ្សេងៗ។លោកបញ្ជាក់ថា វិធានការនេះ គឺបានជួយសម្រាលការលំបាករបស់ប្រជាកសិករ កុំឲ្យគោក្របីទាំងនោះងាប់ នាំឲ្យបាត់បង់ចំណូលសេដ្ឋកិច្ចគ្រួសារ។លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានជំរុញដល់មន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ បង្កើនទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា ភ្នាក់ងារសុខភាពសត្វភូមិ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្ម (CE) ឲ្យបានល្អ ក្តាប់រាល់បញ្ហា ផ្សេងៗក្នុងផលិតកម្មសត្វ ដើម្បីជំរុញការចិញ្ចឹមសត្វ ពិសេសក្នុងបរិបទ នៃការរាតត្បាតដោយជំងឺកូវីដ-១៩ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងសល់សម្រាប់នាំចេញ។ សូមជម្រាបថា ស្ថិតិចិញ្ចឹមសត្វក្នុងទូទាំងខេត្តមានសត្តឃាតដ្ឋានមានចំនួន៨កន្លែង និងកន្លែងពិឃាដសត្វរួមមាន ចំនួន០៦កន្លែង។ ការចិញ្ចឹមគោ ក្របី សរុបចំនួនជាង២៤ម៉ឺនក្បាល( ២៤០ ៣៨៣ក្បាល) ជ្រូកសរុបចំនួន ១២៦ ០៣៨ ក្បាល សេះសរុបចំនួន ៤៧ក្បាល ចៀមពពែ សរុបចំនួន ៥០៧ក្បាល សត្វស្លាបសរុបចំនួនជាង៣លានក្បាល( ៣ ៣៧៧ ៤៩១ក្បាល។)។ ក្នុងទូទាំងខេត្តមាន កសិដ្ឋាន-ចិញ្ចឹមជ្រូកសាច់ និងពូជ មាន៤៣កន្លែង -ចិញ្ចឹមមាន់យកសាច់លក្ខណៈកសិដ្ឋានគ្រួសារមាន ៦៣កន្លែង -ការចិញ្ចឹមមាន់យកស៊ុតលក្ខណៈកសិដ្ឋានគ្រួសារមាន ៦កន្លែង មានមាន់ចំនួន ៨៥.០០០ក្បាល។ រយៈពេល៦ខែ ដើមឆ្នាំ២០២០នេះ ការិយាល័យជំនាញ បានព្យាបាល គោបានចំនួន ១ ៩៨៤ ក្បាល ក្របីចំនួន ៤៧៥ក្បាល ជ្រូកចំនួន១ ០៦០ក្បាល មាន់ចំនួន៣ ១៤១ក្បាល ទាចំនួន ៣៧ និងឆ្កែចំនួន៩៨ក្បាល ព្រមទាំងបានជំរុញការងារចាក់ថ្នាំការពារសត្វ(ជ្រូក គោក្របី មាន់ទា ឆ្កែ ឆ្មា) បានចំនួនជាង ២លាន៥សែនក្បាល(២ ៥៩៧ ០០១ក្បាល)។ ជាទូទៅ សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃក្នុងខេត្ត មានដូចជា តម្រូវការសាច់ និងស៊ុត-គោក្របីចំនួន២៥ក្បាល ស្មើនឹងសាច់៣ ៣៧៥គ.ក្រ/ថ្ងៃ -ជ្រូកចំនួន១៧០ក្បាល ស្មើនឹងសាច់ ១៣ ៦០០គ.ក្រ/ថ្ងៃ -បក្សី ចំនួន ២៥ ២៥០ក្បាល ស្មើនឹងសាច់ ៣៨ ៣៧៥គ.ក្រ/ថ្ងៃ -ស៊ុត ចំនួន ២៨០ ០០០គ្រាប់/ថ្ងៃ។ក្រៅពីការបម្រើតម្រូវការប្រចាំថ្ងៃ ក្នុងខេត្តមានធ្វើការនាំចេញទៅក្រៅខេត្ត(នាំចេញទៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន។ ក្រៅពីតម្រូវការក្នុងខេត្ត ផលិតផលសត្វ បានធ្វើការនាំចេញ មានៈ គោ ក្របីចំនួន ៣ ១៥៣ ក្បាល,ជ្រូក ចំនួន ៧ ៧៨៦ ក្បាល និងបក្សីចំនួន ៧៣០ ៤៨០ ក្បាល៕

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម