សៀមរាប៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសហការគ្នាចុះស្រាវជ្រាវឃាត់ខ្លួនយុវជនជនជាតិវៀតណាមម្នាក់ ករណីវាយសម្លាប់ទៅលើក្មេងស្រីជនជាតិវៀតណាមម្នាក់រួចគេចខ្លួន។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបនិងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកវរសេនីយ៏ទោ សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំង សហការណ៍ ជាមួយលោក វរសេនីយ៍ទោ តាំង លីហេង អធិការស្រុកជីក្រែង ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេតករណី ឃាតកម្ម កាលពីថ្ងៃទី ១៣ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាលបណ្តាលឲ្យស្លាប់។លោកបន្តថា ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយខឹងនិងជនរងគ្រោះ ជេរប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វ៉ៃជនរងគ្រោះ ចំក្បាល បណ្តាលឲ្យស្លាប់តែម្តង។លោកបញ្ជាក់ថា ករណីខាងលើនេះ កម្លាំងជំនាញបានរៀបចំសំណុំរឿងនេះដើម្បីបញ្ជូនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ចាត់ការទៅតាម នីតិវិធីច្បាប់៕ដោយ៖ភក្តី