សៀមរាប៖កម្លាំងនគរបាលសង្កាត់គោកចកនៃក្រុងសៀមរាបបានឃាត់ខ្លួន ជនសង្ស័យចំនួនម្នាក់រួមនិងវត្ថុតាងមួយចំនួន ដែលបើកលេងជល់មាន់ស្មងដោយខុសច្បាប់។ចំណែកអ្នកលេងចំនួន២នាក់ត្រូវបានយកមកធ្វើកិច្ចសន្យាអប់រំ។
ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង១៥ និង ០០នាទី ស្ថិតនៅក្នុងភូមិវាល សង្កាត់គោចក ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទថាមានករណីលេងល្បែងជល់មាន់ នៅចំណុចខាងលើ ។ក្រោយពីទទួលបានព័ត៌មានកម្លាំងប្រចាំការប៉ុស្តិ៍បានចេញទៅបង្ក្រាបមកដល់ចំណុចផ្ទះរបស់ឈ្មោះ ដុះ ដាំ ភេទ ប្រុស អាយុ៤០ឆ្នាំ ពិតជាមានករណីលេងល្បែងជល់សត្វមាន់ (មាន់ស្មង) ពិតប្រាកដមែន ។លោកបន្តថា សមត្ថកិច្ចបង្ក្រាប និងដកហូតបានសត្វមាន់ឈ្មោល (មាន់ជល់)ចំនួន ០៦ក្បាល ,ចង្ក្រានហ្គាស់ ០១ ,ស្គុតរុំជើងមាន់មួយចំនួន ,កៅស៊ូជ័រ ពណ៌ខ្មៅ សំរាប់ហុំព័ទ្ធសង្វៀនមាន់ចំនួនមួយដុំ ,ម៉ូតូចំនួន ០៦គ្រឿង និងមនុស្សចំនួន០៣នាក់ៈ
+ទី១ ឈ្មោះ ដុះ ដាំ ភេទ ប្រុស (ជាម្ចាស់ទីតាំង)
+ទី២ឈ្មោះ ឆៃ មុំ ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរគ្មាន (ពិការជើងម្ខាង) មានទីលំនៅបច្ចុប្បន្ន នៅភូមិវាល សង្កាត់គោកចក (អ្នកមើល)
+ទី៣ឈ្មោះ សាន លន់ ភេទ ប្រុស អាយុ៥៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិវាលសង្កាត់គោកចក(អ្នកមើល), ចំណែកម្ចាស់មាន់ និងអ្នកចូលរួម លេងដទៃទៀតបានរត់គេចខ្លួនបាត់អស់ ។បន្ទាប់មកសមត្ថកិច្ចបានធ្វើការនាំខ្លួន ឈ្មោះ ដុះ ដាំ មកធ្វើការសួរនាំ ក្រោយពីការសួរនាំ ជនសង្ស័យរូបនេះបានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន បើកទីតាំង ឲ្យគេមកធ្វើការភ្នាល់ប្រជល់សត្វមាន់ ពិតប្រាកដមែន ដោយរូបខ្លួនបានទទួលប្រាក់ថ្លៃតុង ពីម្ចាស់មាន់ ក្នុងមួយគូ ពី ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ហើយទីតាំងរបស់ខ្លួនខាលើនេះ គឺទើបតែបើកបានរយះពេល០៣ថ្ងៃនោះទេ។
បច្ចុប្បន្នកម្លាំងនគរបាលក្រុងសៀមរាប កំពុងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖វាយោ