តាកែវ ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ជនល្មើសបំរាមរបស់អាជ្ញាធរចំនួន ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពួកគេនាំគ្នាផឹកស៊ីនិងបើកឧបករណ៍បំពងសម្លេង (ចាក់ធុងបាស់) រាំរែកយ៉ាងកងរំពង។
ការចុះអនុវត្តនេះ ធ្វើឡើងនៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ វេលាម៉ោង១៦និង១២នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត សហកាណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង។ មនុស្សទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះមាន៖ ឈ្មោះ ជីប តូនី អាយុ២៤ឆ្នាំ ឈ្មោះ ជីប ដារាជ អាយុ២៦ឆ្នាំ ឈ្មោះ ផែន សុខន អាយុ២៦ឆ្នាំ និងឈ្មោះ ខៀវ ជិន អាយុ៤៥ឆ្នាំ ។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូចំនួន ០២គ្រឿង និងឧបករណ៍បំពងសម្លេងមួយចំនួនទៀត។
បច្ចុប្បន្ន ជនបំពានបំរាមទាំង ៤នាក់ ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តតាកែវបានចេញសេចក្តីណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តវិធានការ «៣ការពារ ៣កុំ» ហើយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីជៀសផុតការឆ្លងរាលដាល ដល់ក្រុមគ្រួសារ និងសហគមន៍ហើយបើល្មើសនិងត្រូវចាត់វិធានការតាមច្បាប់គ្មានការយោកយល់៕ដោយ៖ពិសិដ្ឋ