Friday, November 22, 2024
Header Banner

ជាងឡានម្នាក់ ស្រវឹងស្រាចាប់រំលោភមិត្តភក្តិរបស់ប្រពន្ធនៅក្នុងបន្ទប់ជួល នៅក្រុងប៉ោយប៉ែត ខណះប្រពន្ធរវល់ទៅធ្វើការបាត់

បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹង កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ករណីរំលោភសេពសន្ថវៈ នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានប្រាប់ថា ក្រោយទទួលពាក្យបណ្តឹងពីនារីរងគ្រោះ ប្តឹងជនសង្ស័យឈ្មោះ អៀក សេងថៃ ករណីហិង្សាងរំលោភរហូតបានសម្រេចក្នុងបន្ទប់ជួលដែលនាងស្នាក់នៅជាមួយប្រពន្ធជនសង្ស័យ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថក៏ចុះទៅឃាត់ខ្លួនជនសង្ស័យយកសាកសួរ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិកើតហេតុខាងលើ ។

លោកបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អៀក សេងថៃ ភេទប្រុស  អាយុ៣៥ឆ្នាំ មុខរបបជាងជួសជុលរថយន្ត រស់នៅភូមិក្បាសស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ តាមការសាកសួរជនសង្ស័យបានប្រាប់ថា នៅពេលសម្រាកពីការងារជាជាងជួសជុលរថយន្តនៅក្រុងសិរីសោភ័ណ ខ្លួនបានទៅលេងប្រពន្ធដែលធ្វើការនៅឯក្រុងប៉ោយប៉ែត តែមុនទៅដល់បន្ទប់ជួលរបស់ប្រពន្ធ ខ្លួនបានទៅផឹកស៊ីជាមួយមិត្តភក្តិស្រវឹង រួចទើបបានទៅបន្ទប់ជួលរបស់ប្រពន្ធដែលមានស្ត្រីរងគ្រោះស្នាក់នៅជាមួយ ។ នៅពេលដែលប្រពន្ធរបស់ខ្លួនមិនទាន់ត្រឡប់មកពីធ្វើការវិញ ខ្លួនឃើញស្ត្រីរងគ្រោះនៅក្នុងបន្ទប់តែម្នាក់ឯង ហើយក៏បានចាប់ដៃនារីរងគ្រោះអូសឡើងលើគ្រែង តែនាងមិនព្រម ខ្លួនបានចាប់ច្របាច់ករគម្រាមរំលោភ រហូតបានសម្រេច។

ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភស្ត្រីរងគ្រោះពិតមែន។ ហើយបន្ទាប់ពីធ្វើការសាកសួររួច​​ បានកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖ទីសុខ

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម