Tuesday, May 13, 2025
Header Banner

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

សៀមរាប៖ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំខេត្តសៀមរាប បាននាំយកអំណោយជា ម៉ាស់ចំនួន ១កេស, អាល់កុល ៣០លីត្រ, ជែល ២កេស និងទឹកសុទ្ធ២០០យួរ ដើម្បីប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រោមវត្តមានរបស់លោក ពិន ប្រាកដ អភិបាលរង នៃគណ:អភិបាលខេត្តសៀមរាប ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកសឹង្ហ សំរិទ្ធ អនុប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាបនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហ៊ុន ​ប៉ូគា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងអាជ្ញាធរខេត្តសៀមរាប ជាពិសេសក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូល ក៏ដូចជាតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះផងដែរ ធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ។ លោកក៏បានឲ្យដឹងទៀតថា ចលនាយុវជនកម្ពុជា ក្រុម១៥៧ប្រចាំខេត្តកន្លងមក ក៏បានផ្តល់អំណោយ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តផងដែរ ដែល ជាសិល្ប:នៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ។

ក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌របស់ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារ:បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ លោកអភិបាលរងខេត្ត ក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារ: ឧបករណ៍ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុករួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក និងសំខាន់ចំពោះការបិទខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។

ជាមួយនោះ លោកក៏បានសំណូមពរ ដល់ចលនាយុវជនកម្ពុជា (ក្រុម១៥៧)ខេត្ត ក៏ដូចសប្បុរសជននានា បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរលោក ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម