Tuesday, May 13, 2025
Header Banner

នោះម្តងនេះ មែនហើយ…នគរបាលខេត្តបាត់ដំបង ចាប់បានអ្នកលេង ឯមេខ្លោងបើកល្បែងស៊ីសងទឹកភ្លៀងមិនទាន់ចាប់បាននៅឡើយទេ

បាត់ដំបង៖សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងនគរបាលខេត្តបាត់ដំបងបានបង្ក្រាបករណីប្រមូលផ្តុំលេងល្បែងស៊ីសងខុសច្បាប់ភ្នាល់ទឹកភ្លៀង ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបានចំនួន១៣នាក់។ ប្រតិបត្តិការបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង លោក ណុប ដារ៉ា អភិបាលរងខេត្ត ដោយមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់ នៅចំណុចទីវាលស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

យោងតាមរបាយរណ៍របស់សមត្ថកិច្ចនគរបាលបានឱ្យដឹងថាក្នុងប្រតិបត្តិការនោះដកហូតវត្ថុតាងរួមមានៈ រថយន្តចំនួន០៤គ្រឿង, ម៉ូតូចំនួន១០គ្រឿង, វិទ្យុទាក់ទងចំនួន០៣គ្រឿង។ សមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរនិងរៀបចំបញ្ជូនទៅកាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អោយតែដល់រដូវវស្សាភ្លៀងធ្លាក់ចូលមកដល់ ល្បែងភ្នាល់ទឹកភ្លៀង បានបើកដំណើរការយ៉ាងរលូន និងគ្រឹកគគ្រេងបំផុត ល្បែងនេះបច្ចុប្បន្ន ស្ទើរក្លាយជាល្បែងប្រជាប្រីយ សម្រាប់អ្នកខេត្តបាត់ដំបងទៅហើយ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ល្បែងភ្នាល់ទឹកភ្លៀង អ្នកដែលដេញថ្លៃ គ្រប់គ្រង ផ្ដាច់មុខ គឺបានទៅលើ លោក តាល់ ដោយចំណាយលុយរត់ការឱ្យសមត្ថកិច្ចតូច.ធំគ្រប់លំដាប់ក្នុងខេត្តបាត់ដំបងនេះ រាប់ម៉ឺនដុល្លារ ដើម្បីអាចដំណើរការ ចាក់ភ្នាល់បានយ៉ាងរលូន។ ល្បែងភ្នាល់ទឹកភ្លៀង បាននិងកំពុងចាប់ផ្ដើម ភ្នាល់ចាក់ភ្លូកទឹក ភ្លូកដី ចាប់តាំងពីដើមខែមីនា។

លោក តាល់ មេបនល្បែងលេងភ្នាល់ ទឹកភ្លៀងដ៏ធំនេះបាននិយាយប្រាប់គេឯងថាការភ្នាល់ទឹកភ្លៀង តាមទម្លាប់គឺគេលេងនៅដើមខែឧសភានោះទេ ប៉ុន្តែឆ្នាំនេះ អ្វីដែលពួកគេចាប់ផ្ដើមដំណើរការលេងនោះគឺតាំងពីខែមីនា មកម្ល៉េះ គឺជាការប្រមូលជើងអ្នកលេងដើម្បីកុំឱ្យរត់ទៅលេងកន្លែងផ្សេង។ ម្យ៉ាងវិញទៀតការបើកលេងនេះគ្រាន់តែជាការប្រមូលប្រាក់ដើម្បីទូទាត់ឱ្យសមត្ថកិច្ចនិងអាជ្ញាធរសម្រាប់ដោះស្រាយដែលចាប់ផ្ដើមពេញទីគឺក្នុងខែឧសភា។ យុទ្ធសាស្ត្រក្នុងការលេងពួកក្រុមគេត្រូវរៀបចំ បច្ចេកទេសនៃពាក្យនិយាយពាក្យ«ម៉ូ» តាមអាយកូមដើម្បីបំភ័ន្តភ្នែកមហាជននិងកុំឲ្យមហាជនដែលស្លូតត្រង់រកស៊ីត្រឹមត្រូវដឹងពីការនិយាយរបស់ពួកគេ។ អ្នកលេងភ្នាល់ទាំងអស់គេប្រើភាសា«ម៉ូ»ដូចជា មួយខាំស្មើ១០០ដុល្លារ ១គីឡូស្មើ១០០០ដុល្លារ, មួយកៅស៊ូ ស្មើ១ម៉ឺនដុល្លារ ជាដើម។ ល។ … ហើយការចាក់ភ្នាល់ជាលុយនោះ គឺពួកគេ ដាក់ ក្រដាស ដើម្បី ស៊ីសង ប៉ុន្តែគេគោរពតម្លៃនោះ ចំណែកអគារទីតាំងវិញ គឺមិន មានអគារណាមួយច្បាស់លាស់ នោះទេ ដោយពួកគេចល័តទៅលេងលើអគារខ្ពស់ៗជាច្រើនអគារ ប៉ុន្តែទីតាំងដែលជាគោលដៅ គឺស្ថិតនៅ ម្តុំខាងក្រោយផ្សារ (ភូ ពុយ )ឬ ខាងក្រោយ វត្តទួលដូន ប៉ុក ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ដោយការប្រើរូបភាពបំភ័ន្ដភ្នែកបែបនេះ គឺក្រុម អ្នកលេងបានពពាក់ ពពូន គ្នាលេងយ៉ាងសប្បាយ មិន ខ្លាចសមត្ថកិច្ច ចាប់ភស្ដុតាងបាននោះឡើយ។អ្វីដែលឡូយទៅទៀតនោះទាំងអ្នកចាក់ទាំងអ្នកបោះមេ ប្រើសុទ្ធតែ វិទ្យុទាក់ទងគ្នាបែបអនាធិបតេយ្យធ្វើឲ្យសមត្ថកិច្ចក្នុងខេត្តក៏ដូចជាពលរដ្ឋមានការយល់ច្រឡំមិនដឹងជាសមាសភាពខាងណានោះទេ ។ ប្រភពបានបន្តទៀតថា ល្បែងភ្នាល់ទឹកភ្លៀងនេះក្រុមអ្នកលេងល្បែងភ្នាល់ចាក់ ចំនួនតាំងពី១០០ដុល្លារ រហូតដល់ទៅរាប់ម៉ឺនដុល្លារឯណោះ អ្នកខ្លះចាញ់បោសគូទខោ ធ្លាក់ខ្លួនក្ររហាម ក្លាយជាជនប្រព្រឹត្តិល្មើសក្នុងសង្គម ដូចជា ប្រើហិង្សាក្នុងគ្រួសារ ចោរ លួច ឆក់ ប្លន់ ដែលធ្វើឱ្យសង្គមស្អប់ខ្ពើមជាទីបំផុត។

ប្រភពបន្តទៀតថាពួកអ្នកញៀនល្បែងទាំងអស់នោះ មួយភាគធំជាអាជីវករ មន្ដ្រីរាជការ ថៅកែ ឧកញ៉ា មានគ្រប់លំដាប់ ហើយមួយចំនួនធំទៀត ពួកគេមិនចេះរកស៊ីអីទេផ្សេងទេគឺ ចេះតែកឹបកេងលុយប្រពន្ធ កូន យកមកលេងល្បែងភ្នាល់ទឹកភ្លៀង ពេលចាញ់ល្បែងអស់ពួកគេតែងតែស្រែកឡូឡាបង្កើតអំពើហិង្សាបង្កចលាចលនៅក្នុងខេត្តបាត់ដំបងតែម្ដង។

ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីត្រឹមត្រូវតាមផ្លូវច្បាប់បានបន្តទៀតថា ពួកគាត់ទាំងអស់គ្នាសូមសំណូមពរទៅដល់អាជ្ញាធរខេត្តបាត់ដំបង ជាពិសេសលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង លោក សាត គឹមសាន ស្នងការនគរបាលខេត្ត និងលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងជាពិសេសេ អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ សូមមេត្តាចាត់វិធានការ បង្ក្រាបទប់ស្កាត់ ឲ្យបានទាន់ពេលវេលា ដើម្បីសុខសុវត្ថិភាពជូនដល់ប្រជា ពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងនេះផង ៕ដោយ៖វាយោ

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម