Friday, November 22, 2024
Header Banner

រថយន្ត ១គ្រឿង ជិះគ្នា ៨នាក់ បំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាត ត្រូវសមត្ថកិច្ចឃាត់យកមកធ្វើការសូរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាកហាយឡេនឌ័រមួយគ្រឿងជិះគ្នា ៨នាក់ ទាំងអ្នកបើកបរផង ត្រូវបានសមត្ថកិច្ចឃាត់យកមកធ្វើការសូរនាំនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរថយន្តខាងលើនេះ បានបំពានបំរាមនៅចំណុចគោលដៅសមត្ថកិច្ចឈរជើងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា រថយន្តម៉ាកហាយឡែនឌ័រ ពាក់ផ្លាកលេខ ភ្នំពេញ 2AY-1871 ជិះគ្នា៨នាក់ទាំងអ្នកបើកបរផង ធ្វើដំណើរចេញពីភ្នំពេញ ទៅប៉ោយប៉ែត លុះមកដល់គោលដៅ ត្រង់ចំណុចព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង ដែលជាគោលដៅសមត្ថកិច្ចហាមឃាត់ការធ្វើដំណើរចេញចូលពីខេត្តមួយទៅខេត្តមួយ រថយន្តខាងលើនេះបានបំពានបម្រាមបើកឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចឈរជើងនៅគោលដៅនោះឡើយ។

លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកស្នងការ ឲ្យសហការជាមួយអធិការស្រុកកំពង់ត្រឡាច ចុះឃាត់រថយន្តខាងលើនេះដែលបានបំពានបំរាម ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរភ្លាមនោះ កម្លាំងសមត្ថកិច្ចរបស់លោក សហការជាមួយនឹងសមត្ថកិច្ចស្រុកកំពង់ត្រឡាច បានចុះឃាត់រថយន្ដខាងលើនេះបាន នៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូតស្រុករលាប្អៀរ និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសួរនាំ។

បន្ទាប់ពីធ្វើការសាកសួររួចរាល់ លោកស្នងការ ក៏បានឱ្យរថយន្ដនេះត្រឡប់ក្រោយវិញដោយមានកម្លាំងសន្តិសុខបើករថយន្តជូនរហូតឆ្លងគោលដៅ ដែលសមត្ថកិច្ចកំពុងឈរជើងនៅព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំងផងដែរ ៕ដោយ៖កង្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម