ខេត្តបាត់ដំបង៖ កាលពីម្សិលមិញ នៅវេលាម៉ោង១៣ និង៤៥នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅត្រង់ចំណុចភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទ ប្រើប្រាស់ដោយខុសច្បាប់ នូវសំលៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសណ្ឋានជាសាធារណៈ ។ ជនសង្ស័យទាំង២នាក់ខាងលើដែលត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ រស់ វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាងួន សង្កាត់កាកាប ខ័ណ្ឌ ពោធិ៍សែនជ័យ ក្រុងភ្នំពេញ (ប្រើប្រាស់ឯកសណ្ឋានយោធា) ។ និងទី២-ឈ្មោះ រៃ វណ្ណសី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកបើកបរ ទីលំនៅភូមិវាល សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ១-អាវត្រេអីុ ( កាងារដៃខ្លី ) ចំនួន ០១, ២-សក្តិស្មាថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១គូ, ៣-សក្តិកអាវថ្នាក់ឧត្តមសេនីយ៍ឯក ចំនួន ០១ គូ, ៤-ផ្លាកឈ្មោះមានអក្សរ ឧ. រស់ វណ្ណៈ ចំនួន ០១, ៥-គ្រឿងឥស្សរៈយស (មេដាយ) ចំនួន ០១ ផ្ទាំង, ៦-ស្លាកសញ្ញាដែកក្រសួងការពាជាតិ ចំនួន ០១, ៧-បណ្តោងដែក ហនុមាន ចំនួន ០១, ៨-ស្បែកជើងកវែង ចំនួន ០១ គូ, ៩-ខ្សែសាន់ណារ៉ុង ចំនួន ០១, ១០-មួកប៉ារ៉េ ពណ៌ខ្មៅ ចំនួន ០១, ១១-មួកថ្នាក់ឧត្តមសេនីយ៍ ចំនួន ០១, ១២-ព្រះរាជក្រឹត្សត្រាស់បង្គាប់តែងតាំងថ្នាក់ឧត្តមសេនីយ៍ឯក ក្លែងក្លាយ ចំនួន ០១សន្លឹក, ១៣-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង, ១៤-រថយន្ត ០១ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅការិ.ជំនាញ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការយោធា តាមនិតិវិធី៕ដោយ៖សំអឿន