សៀមរាប៖លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនសង្ស័យជាអ្នករើសអេតចាយចំនួន៣នាក់ បែកគំនិត លួចកាត់ខ្សែភ្លើងរបស់មន្ត្រីអគ្គិសនីសៀមរាប រួចបម្រុងយកទៅលក់ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ស្រាវជ្រាវរហូតឈានដល់បង្ក្រាប បានជាក់ស្តែង។ហេតុការណ៍ចុះបង្ក្រាបនេះដែរធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួលក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ទាក់ទិន នឹងករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨នេះថា កម្លាំងនគរបាលក្រុងសៀមរាប ,ប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក និងកម្លាំងប្រជាការពារ បានសហការគ្នា ចុះបង្ក្រាប ករណីលួចកាត់ខ្សែភ្លើងដែលជនសង្ស័យបានធ្វើសកម្មភាពកាលពីនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រហែល ១២និង៣០នាទីយប់ ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប របស់ជនរងគ្រោះឈ្មោះ យាវ វុទ្ធី ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរបុគ្គលិកអគ្គិសនីខេត្តសៀមរាប។លោកបន្តថា ជនសង្ស័យទាំង០៣នាក់ មាន៖១ឈ្មោះ សេង ជល់ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។២.ឈ្មោះ ពេទ្យ ឆដា ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។៣.ឈ្មោះ ពេស បូរី ហៅ ផល ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅស្នាក់នៅបន្ទប់ជួលភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ពាក់ព័ន្ធករណីបទ ទទួលផលចោរកម្ម (អំពើលួចខ្សែភ្លើង) ។លោកបន្ថែមថា វត្ថុតាង៖-ស្ពាន់ខ្សែភ្លើងចំនួន០៨ កំណាត់ -សំបកខ្សែភ្លើងចំនួន០៦ ដុំ-កាំបិតចិតបន្លែចំនួន១២ដើម -កាំបិតប៉័ងតោចំនួន ០៣ -ដាវកែច្នៃចំនួន ០៣ ដើម -កាំបិតព្រាចំនួន០២ដើម -ញញួរចំនួន ០២ ដើម-កន្ត្រៃចំនួន ០៣ ហើយក្នុងនោះជនសង្ស័យទាំង ០៣ តេស្តសារធាតុញៀន វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប ឃាត់ខ្លួននិងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖ភក្តី