សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១នេះលោកឧត្តមសេនីយ៍ត្រីភឹងចិន្តារ៉េតស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប និងសហការីបានមកទទួលថវិកាពី អាជ្ញាធរអគ្គិសនីខេត្តសៀមរាបចំនួន២លានរៀលដើម្បីយកមកលើកទឹកចិត្តដល់កម្លាំងនគរបាលក្រុងសៀមរាបនិងប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក ព្រមទាំងកម្លាំងប្រជាការពារដែលបានស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន៣ នាក់ករណីលួចកាត់ខ្សែភ្លើងនៅផ្ទះរបស់មន្ត្រីអគ្គិសនីសៀមរាប ម្នាក់កាលពីយប់ថ្ងៃទី២៦ ខែមេសាឆ្នាំ២០២១កន្លងទៅថ្មីៗនេះនៅចំណុចភូមិវត្តបូព៌សង្កាត់សាលាកំរើកក្រុងសៀមរាប។លុះព្រឹកឡើងថ្ងៃទី២៧ខែមេសា កម្លាំងនគរបាលក្រុងសៀមរាប បានសហការគ្នាបង្ក្រាបបានជាក់ស្តែងតែម្តង។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តសៀមរាប បានមានប្រសាសន៍ថា ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប លោកសូមថ្លែងអំណរគុណចំពោះអាជ្ញាធរអគ្គិសនីខេត្តសៀមរាប ដែលតែងតែផ្តល់កម្លាំងចិត្តនិងផ្តល់ថវិកាលើកទឹកចិត្តដល់កម្លាំងសមត្ថកិច្ចដែលបង្ក្រាបបានករណីលួចកាត់ខ្សែភ្លើង ជាបន្តបន្ទាប់ផងដែរ។លោកបន្តថា ថវិកាទាំងនោះលោកបានផ្តល់ទៅឲ្យកម្លាំងនគរបាលក្រុងសៀមរាបចំនួន៥០ម៉ឺនរៀល,កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើកចំនួន១លានរៀលនិងកម្លាំងប្រជាការពារភូមិចំនួន៥០ ម៉ឺនរៀលផងដែរ។ក្នុងឱកាសនោះដែរលោកស្នងការរងបានជំរុញឲ្យសមត្ថកិច្ចបន្តកិច្ចការងារបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឲ្យបានទាន់ពេល ហើយនិងបានកោតសរសើរដល់កម្លាំងនគរបាលប៉ុស្តិ៍សាលាកំរើក និងនគរបាលក្រុងសៀមរាប ដែលបានបង្ក្រាបបទល្មើសលួចខ្សែភ្លើងនេះបានទាន់ពេលផងដែរ។ជាមួយគ្នានោះដែរអាជ្ញាធរអគ្គិសនីខេត្តសៀមរាបក៏បានថ្លែងអំណរគុណដល់កម្លាំងនគរបាលខេត្តសៀមរាបដែលបានបង្ក្រាបបទល្មើសករណីលួចកាត់ខ្សែភ្លើងនេះបានទាន់ពេល៕ដោយ៖ភក្តី