សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ព្រះតេជគុណព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ និងព្រះសង្ឃ ព្រមទាំងគណៈកម្មការវត្ត បាននាំយកគ្រឿងឧបភោគបរិភោគ ដូចជា ៖ អង្ករ , មី , ទឹកត្រី , ទឹកស៊ីអីវ , អំបិល , ស្ករស គិតជាថវិកាអស់ចំនួន៧.៥០០.០០០រៀល ក្នុងនោះថវិកាជាង២លានរៀល បានមកពីសប្បុរសជនជិតឆ្ងាយ និងជាង៥លានរៀល ជាថវិការបស់ព្រះចៅអធិការ គ្រូសូត្រឆ្វេងស្តាំ និងព្រះសង្ឃព្រមទាំងគណៈកម្មការវត្តអារញ្ញសាគរ សម្រាប់ទិញគ្រឿងហូបចុកទាំងនេះ យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន១០៥គ្រួសារ ក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ក្នុងនោះមកពីភូមិប្រឡាយ ចំនួន ០៥គ្រួសារ និង មកភូមិអារញ្ញ ចំនួន១០០គ្រួសារ ។ព្រះតេជគុណព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ត់ មានសង្ឃដីកាថា ៖ថ្មីៗនេះដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងភូមិថាពួកគាត់មួយចំនួនជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃដោយសារក្នុងដំណាក់កាលជួបនូវវិបត្តិជំងឺកូវីដ-១៩ គ្រួសារខ្លះគ្មានចំណូលព្រោះការងារត្រូវបានផ្អាក ការលក់ដូរនិងអាជីវកម្មតូចតាចរបស់ពួកគាត់ត្រូវបានផ្អាក មិនអាចចេញទៅប្រកបមុខរបរខាងក្រៅបានព្រោះភូមិសាស្ត្រនៃសង្កាត់នេះជាប់ជាតំបន់បិទខ្ទប់ ក្នុងចំណោមសង្កាត់ចំនួន៣ ក្នុងក្រុងសៀមរាប នៃការឆ្លងជំងឺកូវីដ-១៩ក្នុងពេលកន្លងមក ខ្លះគាត់ជាចាស់ជរាគ្មានទីពឹង ខ្លះមានពិការភាព ពិសេសតាមការចុះពិនិត្យជាក់ស្តែងទៅដល់លំនៅឋានរបស់ពួកគាត់ បានកំណត់យកអ្នកខ្វះខាតពិតប្រាកដតាមស្ថានភាពជាក់ស្តែង និងបានពិគ្រោះយោបល់ជាមួយចៅសង្កាត់ និងមេភូមិដើម្បីកៀងគររកសប្បុរសជនមកជួយដើម្បីទិញជាស្បៀងអាហារយកមកចែកជូនឱ្យទាន់សភាពការនៃការលំបាកនេះ ។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានសម្ដែងនូវការកោតសរសើរនិងថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណព្រះចៅអធិការ ព្រះសង្ឃ និងគណកម្មការវត្តអារញ្ញសារគរ ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានលះបង់ធនធានផ្ទាល់ទោះតិចក្តីច្រើនក្តី ដើម្បីយកមកចែករំលែកដល់គ្រួសារខ្វះខាតលើជីវភាពប្រចាំថ្ងៃក្នុងដំណាក់កាលវិបត្តិដោយសារជំងឺកូវីដ-១៩ ដែលនេះបង្ហាញឱ្យឃើញពីវប្បធម៌ចែករំលែក ជួយទុក្ខធុរៈគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ដែលសកម្មភាពនេះ គឺជាគំរូល្អមួយសម្រាប់កូនចៅជំនាន់ក្រោយរៀនសូត្រតាម ។ជាមួយគ្នានេះដែរ លោកចៅសង្កាត់ បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាដោយប្រកាន់ ខ្ជាប់នូវសេចក្តីជូនដំណឹងនានារបស់ក្រសួងសុខាភិបាល និងសេចក្តីអំពាវនាវរបស់ក៍ដូចជាវិធានការរាជរដ្ឋាភិបាល៣ការពារនិង៣កុំ ក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩នេះការពារទប់ស្កាត់កុំឱ្យមេរោគដ៏សាហាវនេះបន្តឆ្លងចូលសហគមន៍បានជាបន្តទៀត ពិសេសវិធានការរបស់រាជរដ្ឋាភិបាល គឺបីការពារនិងបីកុំ ៕ដោយ៖វាយោ