Saturday, November 23, 2024
Header Banner

អាជ្ញាធរបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ១៣នាក់ បន្ថែមទៀតក្នុងចំណោម ១០៤នាក់ ដោយវិធី​ធ្វើ Rapid Test នៅស្រុកស្ទោង

ខេត្តកំពង់ធំ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាល ខេត្តកំពង់ធំបានសរសេរថា អាជ្ញាធរខេត្តកំពង់ធំបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៣នាក់ បន្ថែមទៀត ក្នុង​ចំណោមអ្នកមកយកសំណាកធ្វើតេស្តរហ័ស (Rapid Test) ចំនួន១០៤នាក់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងស្រុកស្ទោង ហើយនៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និង​សហការី អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅក្នុងស្រុកស្ទោង ព្រមទាំងអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ឈ្មោះ ស៊ាង គឹមសាននិង​អ្នក​ចូលរួមបុណ្យស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ មេសា នៅភូមិលាបទង ឃុំកំពង់ចិនត្បូង សូមអញ្ជើញមកធ្វើតេស្តយកសំណាកនៅសាលាបឋមសិក្សាព្រះនាង​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ១៩។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននេះ រដ្ឋបាលខេត្តកំពង់ធំ បាន​ចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែល​ជា​តំបន់​មាន​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ រហូតដល់មាន ការជូនដំណឹងជាថ្មី ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាល​នៃ​ជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រដែលបានត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ​មិនឲ្យឆ្លងរាលដាល​ទៅ​តំបន់​ផ្សេង​ទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសំណូមពរដល់បងប្អូនដែលធ្លាប់មានការពាក់ព័ន្ធ ហើយ​មានការសង្ស័យ សូមពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ក្នុងករណី​មាន​ការប្រែប្រួលខុសប្រក្រតីដូចជា ឡើងកម្ដៅលើស ៣៧អង្សាសេ ក្អក កណ្តាស់ ឈឺបំពង់ក ត្រូវប្រញាប់​ទំនាក់ទំនងអាជ្ញាធរ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕ដោយ៖សំណាង

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម