សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប លោក ក្រុស សារ៉ាត់ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ម្សិលមិញ សមត្ថកិច្ចបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀត ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មានជំងឺខូចតម្រងនោម ជាង២ឆ្នាំ ហើយគាត់មកទទួលសេវាលាងឈាម និងចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងទៀតថា អ្នកជំងឺរូបនេះ បានធ្វើដំណើរពីលំនៅដ្ឋានរបស់ខ្លួន ចូលសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាំងពីយប់ថ្ងៃទី២៦ ខែមេសាមកម៉្លេះ លុះថ្ងៃទី២៧ ទើបធ្វើការលាងឈាម ។ ប៉ុន្ដែ ពេលនោះដោយមានការសង្ស័យ ទើបនៅថ្ងៃទី២៨ ខែមេសា ក្រុមគ្រូពេទ្យបានយកសំណាកធ្វើតេស្ដ ក៏បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ។
លោក ក្រុស សារ៉ាត់ បានបញ្ជាក់បន្ថែមថា ក្រោយឃើញលទ្ធផលវិជ្ជមានបែបនេះ មន្ដ្រីសុខាភិបាលបានធ្វើតេស្ដភ្លាមៗបន្ដទៀត ទៅលើអ្នកពាក់ព័ន្ធជាង២០០នាក់ នៅក្នុងមន្ទីរពេទ្យ ហើយលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ ហើយជាមួយគ្នានេះ មន្ដ្រីជំនាញក៏បានស្រាវជ្រាវ និងបិទទីតាំងផ្សេងៗមួយចំនួនទៀត ដែលក្រុមគ្រួសាររបស់អ្នកវិជ្ជមានជំងឺកូវីដ-១៩នេះបានទៅដល់ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលបន្ថែមទៀត ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតមកទល់ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១២នាក់ និង ចំនួន០៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផងដែរ៕ដោយ៖ភក្តី