សៀមរាប៖អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទខ្ទប់ការចេញ-ចូលជាបណ្ដោះអាសន្នក្នុងបរិវេណផ្សារកន្រ្តក ដែលស្ថិតនៅភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី៣០ ខែមេសា នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ ។ការសម្រេចបិទខ្ទប់នេះ បានធ្វើឡើងបន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ក្នុងចំណោម១៥នាក់ ដែលត្រូវបានក្រុមគ្រូពេទ្យបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ គឺអ្នកជំងឺឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ធ្លាប់បានចេញចូលផ្សារកន្រ្តកនេះ នៅចន្លោះថ្ងៃទី២៥ ទៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។រដ្ឋបាលខេត្តសៀមរាប ប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ហើយ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕ដោយ៖ភក្តី