***ងាកមកធ្វើការងារកសិកម្មខ្លះកុំឲ្យស្ត្រេះពេក ហើយក៏អាចបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ….
ខេត្តសៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា នៅខេត្តសៀមរាបបច្ចុប្បន្ននេះមានកសិដ្ឋានចិញ្ចឹមគោមិនតិចជាង១៥កន្លែងនោះទេ ។ក្នុងនោះមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តសៀមរាប បានជម្រុញឲ្យការចិញ្ចឹមទាំងនោះ ចាំបាច់អនុវត្តតាមវិធាននៃការជ្រើសរើសពូជ និងបង្កាត់តាមបច្ចេកទេសសិប្បនិម្មិត ដែលទាំងនេះវាជាដំណើរឆ្ពោះទៅរកទីផ្សារផ្គត់ផ្គង់សាច់ ទាំងក្នុងស្រុក និងការនាំចេញដើម្បីការអភិវឌ្ឍន៍នៃផលិតកម្មសត្វ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ប្រាក់ចំណូលគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ទាក់ទិននឹងករណីនេះដែរលោក យិត ចាន់ហ្វឹង ម្ចាស់កសិដ្ឋានអាយុ៣៤ឆ្នាំ បានឲ្យដឹងថា កសិដ្ឋាននេះ បង្កើតបានប្រហែលជា១៦ខែប៉ុណ្ណោះ ក្នុងនេះការចិញ្ចឹមគោ គឺចាប់ផ្តើមពីចំនួន៤ក្បាល ដែលមកដល់ពេលនេះ កើនដល់២៨ក្បាល ហើយក្នុងចំនួន២៨ក្បាលនេះ មានគោមេចំនួន១១ក្បាល ។ នៅក្នុងកសិដ្ឋាននេះដែរ ជ្រូកជិត១០០ក្បាលក៏ត្រូវបានចិញ្ចឹម មានទាំងជ្រូកមេ ជ្រូកបារ និងជ្រូកសាច់ តែយ៉ាងណាក៏ដោយ សម្រាប់អនាគត គឺផ្តោតសំខាន់ទៅលើការចិញ្ជឹមគោតែប៉ុណ្ណោះ។ សម្រាប់បច្ចប្បន្ននេះ គឺមានបំណងចង់ពង្រីកនិងផ្សព្វផ្សាយគោពូជ ក៏ប៉ុន្តែពូជគោទាំងនេះ វាគឺជាតម្រូវការសម្រាប់ការផ្គត់ផ្គង់សាច់លើទីផ្សារ។
បើតាមរបាយការណ៍របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តសៀមរាប បានឲ្យដឹងថា ឆ្នាំ២០២០កន្លងទៅ ការចិញ្ចឹមគោនិងក្របីបានចំនួនជាង ២៤ម៉ឺនក្បាល ហើយនៅក្នុងឆ្នាំដដែលនេះ តម្រូវការផ្គត់ផ្គង់សាច់គោក្របី លើទីផ្សារប្រមាណជាង ១ ១០០តោន ស្មើនឹងជាង ៨ ៦០០ក្បាល ក្នុងនេះការនាំចេញមានប្រមាណជាង ៩០០តោន ស្មើនឹងប្រហែលជាង ៦ ៨០០ក្បាល។
របាយការណ៍នេះដែរ ការជម្រុញចិញ្ចឹមគោដោយការជ្រើសរើសពូជ និងបង្កាត់ពូជសិប្បនិម្មិតនាពលបច្ចុប្បន្ន វាគឺជាចេញដំណើរមួយពីការពង្រីកពូជ ឆ្ពោះទៅរកទីផ្សារម្ហូបអាហារនាពេលអនាគត ក្នុងលក្ខណៈប្រកួតប្រជែង ដែលនោះវាជាការបង្ករឱកាសសម្រាប់ម្ចាស់កសិដ្ឋាន ក្លាយជាកសិករធុរកិច្ច កាន់កាប់ជញ្ជីញអាជីវកម្មដោយខ្លួនឯង។
ជុំវិញករណីនេះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានលើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នៅក្នុងកសិដ្ឋានចិញ្ចឹមគោនិងជ្រូកមួយកន្លែង នៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ នៃស្រុកក្រឡាញ់ ។កសិដ្ឋានមួយនេះ គឺជាកសិដ្ឋានគំរូមួយ ក្នុងចំណោមកសិដ្ឋានចិញ្ចឹមគោចំនួន១៥ កន្លែងទូទាំងខេត្តសៀមរាប។ វត្តមានរបស់លោកប្រធានមន្ទីរ និងមន្រ្តីជំនាញនៅទីនេះ គឺដើម្បីលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន ដែលបានខិតខំពង្រឹកចិញ្ចឹមគោរបស់ខ្លួន ដោយការនាំចូលពូជល្អៗ ដូចជាពូជគោត្រចៀកវែង ( ប្រាម៉ាន់ ) និងពូជឥណ្ឌូប្រេស៊ីលជាដើម និងកំពុងបង្កាត់ពូជប្រាម៉ាន់ក្រហម តាមបច្ចេកទេសសិប្បនិម្មិត ។លោកទា គឹមសុទ្ធ បញ្ជាក់ថា ក្នុងកិច្ចការងារនេះ គឺមានការជួយគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ក៏ដូចអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វដែលបានផ្តល់ទាំងបច្ចេកទេស និងសម្ភារះបរិក្ខាបសុពេទ្យ និងបសុឱសថ ក្នុងការផ្តល់សេវា ជូនកសិករចិញ្ចឹមសត្វនៅក្នុងខេត្តសៀមរាប ផងដែរ៕ដោយ៖ភក្តី