Saturday, November 23, 2024
Header Banner

ម្តាយកូន៣នាក់ ជិះម៉តូកង់៣ ពីភ្នំពេញមកធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មានអ្នកជំងឺ៣នាក់ម្តាយ និងកូន ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តរកឃើញថាមានវិជ្ជមានកូវីដ១៩(តេស្តតាមឧបករណ៍តេស្តរហ័ស) ក្រោយពីពួកគាត់បានចេញដំណើរពីភ្នំពេញតាមរយៈម៉ូតូកង់៣មកកំពង់ឆ្នាំង ព្រោះតែគ្មានលុយអោយពេទ្យឯកជនមួយតេស្តរកមេរោគកូវីដ១៩ នេះបើតាមការបញ្ជាក់ពីអ្នកជំងឺទាំង៣នាក់ម្តាយ និងកូន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ។ ស្ត្រីឈ្មោះ សូ ហៀង អាយុ៥៨ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ រូបគាត់ និងកូនប្រុសស្រី២នាក់ទៀតគឺកូនប្រុសឈ្មោះ ប៉ោង ប៊ុនប៉ោ អាយុ២៨ឆ្នាំ និងកូនស្រីឈ្មោះ ប៉ោង ហ៊ុន អាយុ២៧ឆ្នាំ បានចេញពីភូមិកំណើតទៅរកការងារធ្វើនៅក្រុងភ្នំពេញ អស់រយៈពេលជាង១ឆ្នាំហើយ និងមិនដែលបានទៅលេងស្រុកកំណើតឡើយ។ ចំណែកកន្លែងស្នាក់អាស្រ័យនៅទីក្រុងភ្នំពេញ នៅក្រោយសាលាប៊ែលធីផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខ័ណ្ឌឬស្សីកែវ។ គាត់បានបន្តថា ៣ថ្ងៃមុន គាត់មានអាការៈក្តៅខ្លួន ឈឺក ហត់ ពិបាកដកដង្ហើម ញាំបាយទឹកមិនកើត។ នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ កូនគាត់ទាំង២នាក់បានយកគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីគ្រូពេទ្យកាល់ម៉ែត្របានសួរនាំដឹងថាមានអាការៈទាក់ទងនឹងកូវីដ១៩ គ្រូពេទ្យបានបដិសេដមិនមើលឡើយ។ បន្ទាប់មកពួកគាត់ក៏បានសំរេចចិត្តចូលទៅគ្លីនីកឯកជនមួយនៅជិតទួលគោកដើម្បីពិនិត្យបន្ត(មិនចាំឈ្មោះគ្លីនីក) ប៉ុន្តែនៅពេលគាត់ប្រាប់គ្រូពេទ្យពីអាការៈជំងឺ គ្រូពេទ្យសង្ស័យជម្ងឺកូវីដ១៩ ហើយគេត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ក៏ប៉ុន្តែតម្លៃនៃការធ្វើតេស្តសំណាកមួយលើកតម្លៃ១៤០ដុល្លាអាមេរិក។ ដោយសារតម្លៃតេស្តសំណាកថ្លៃពេក នៅព្រឹកព្រលឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ កូនៗរបស់គាត់បានសំរេចដឹកម្តាយយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែឧសភានេះ ពួកគាត់បានមកដល់ខេត្តកំពង់ឆ្នាំង និងបានចូលទៅមន្ទីរពេទ្យខេត្តតែម្តង ដោយមិនបានបង្ហួសទៅស្រុកកំណើតឡើយ។ ក្រោយពីប្រាប់អាការៈជំងឺ ក្រុមគ្រូពេទ្យខេត្តបានសំរេចយកសំណាកស្ត្រីឈ្មោះ សូ ហៀង ដើម្បីធ្វើតេរហ័ស រកមេរោគកូវីដ១៩ ហើយជាលទ្ធផល គឺគាត់មានវិជ្ជមានកូវីដ១៩។ បន្ទាប់ពីរកឃើញភ្លាមក្រុមគ្រូពេទ្យក៏បន្តតេស្តសំណាកលើកូនប្រុសស្រីគាត់ទាំង២នាក់ទៀត ក៏បានឃើញវិជ្ជមានកូវី១៩ទាំង៣នាក់ម្តាយ និងកូនតែម្តង និងបានយកពួកគាត់ទាំង៣ដាក់អោយសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងហើយ។​ ក៏ប៉ុន្តែនៅម៉ោងប្រមាណជាង១រំលងអាធ្រាត្រថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ស្ត្រីជាម្តាយបានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរពេក។ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់ម្ចាស់ម៉ូតូកង់៣នៅភ្នំពេញដែលបានដឹកអ្នកជំងឺកូវីដ១៩ទាំង៣នាក់ម្តាយ និងកូន សូមរួសរាន់ទៅយកសំណាក និងដាក់ខ្លួនធ្វើចត្តាឡីស័កអោយបានល្អតាមវិធានការសុខាភិបាល។

លោកបានបន្តថា អ្នកជំងឺកូវីដ១៩ ដែលកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានទាំងអស់ចំនួន១៧នាក់ បានជាសះស្បើយចំនួន៣នាក់ ស្លាប់ម្នាក់ពេលដឹកមកដល់មន្ទីរពេទ្យ និងកំពុងសំរាកព្យាបានចំនួន១៣នាក់ ព្រមទាំងមានអ្នកពាក់ព័ន្ធកំពុងធ្វើចត្តាឡីស័កជាង៣០០នាក់ផងដែរ៕ដោយ៖កង្រី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម