៊សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារចាស់ និងហាងថតរូបល្អពេញចិត្តស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពី រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ដោយក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ដែលមានទីតាំងជាប់ ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១កន្លងទៅ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
អាស្រ័យហេតុនេះសូម បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាព័ត៌មាន និងសូមចូលរួមអនុវត្តឱ្យបានបានខ្ជាប់ខ្ជួនបំផុត ៕ដោយ៖វាយោ