ភ្នំពេញ៖ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យព្រះសង្ឃចំនួន ១០ អង្គដែលគង់នៅវត្តចេតិយថ្មី ដែលកំពុងខ្វះខាតចង្ហាន់ ព្រោះមិនអាចចេញទៅបិណ្ឌបាតបាន។ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរង នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប និងក្រុមគ្រួសារ បាននាំយកអង្ករ២០០គីឡូក្រាម និងថវិកា១លានរៀល ទៅឧបត្ថម្ភដល់វត្តខាងលើដើម្បីជួយសម្រួលដល់ការខ្វះខាតមួយគ្រា។
លោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរង នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី០៩ខែឧសភាឆ្នាំ២០២១នេះ ថា ដោយសារព្រឹត្តការណ៍ សហគមន៍ ២០កុម្ភ: មានព្រះសង្ឃ១០ អង្គគង់នៅ វត្តចេតិយថ្មី ស្ថិតនៅភូមិចេតិយថ្មី ឃុំវិហារហ្លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលកំពុងខ្វះចង្ហាន់។ក្នុងនោះលោកនិងក្រុមគ្រួសារបាននាំយកអំណោយរួមមាន៖អង្ករ២០០គីឡូក្រាម និងថវិកា ១លានរៀល ដើម្បីរួមចំណែកកាត់បន្ថយនូវការខ្វះខាតក្នុងវត្តបានមួយផ្នែក។លោកបន្ថែមថា សូមសប្បុរសជននានាមេត្តាជួយគិតគូរដល់វត្តដែលកំពុងខ្វះខាតចង្ហាន់ដោយសារការបិទខ្ទប់នៃព្រឹត្តិការណ៍២០កុម្ភៈនេះផង ព្រោះព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតបានឡើយ។
ក្នុងនោះផងដែរលោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរង នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានមានមតិផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជា ព្រះសង្ឃ និង យាយជីតាជី អោយយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យហើយជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីជំងឺកូវិដ-១៩ ដ៏កាចសាហាវនេះផងដែរ៕ដោយ៖ភក្តី