សៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ករណីបទល្មើសបទល្មើសជាក់ស្ដែង កម្លាំងនគរបាលស្រុកប្រាសាទបាគង បានសហការគ្នាចុះបង្ក្រាបនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹក។ការឃាត់ខ្លួននេះធ្វើឡើងនៅល្ងាចថ្ងៃទី៨ខែឧសភាឆ្នាំ២០២១ ត្រង់ចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ស្ថិតក្នុងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
សមត្ថកិច្ចបន្ថែមថាជនសង្ស័យទី១.ឈ្មោះដឹងដន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ជនសង្ស័យទី២.ឈ្មោះសេង សឿយភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទី១បានសារភាព ថានៅថ្ងៃកើតហេតុខាងលើ ខ្លួនពិតជាបាន ធ្វើការកាប់ឆ្ការទន្រ្ទានព្រៃសហគមន៍ ដែលជាតំបន់ហាមឃាត់ពិតមែន និងធ្លាប់បានដុតព្រៃបរិវេណនេះពីមុនផងដែរ ។ ចំណែកជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅលើកភ្លឺនិងកាប់ទន្ទា្រនដីសហគមន៍ហាមឃាត់ពិតមែន ជាមួយគ្នានេះកាលពីជាងកន្លះខែមុននេះខ្លួនក៏ធ្លាប់បានអោយប្អូនថ្លៃឈ្មោះឌឹម សុខា ភេទប្រុស រស់នៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជួលត្រាក់ទ័រចំនួន០២គ្រឿងអោយរុញព្រៃនិងភ្ជួរលើដីនេះផងដែរ។
យោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលស្រុកបញ្ជូនទៅកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ដោយ៖ភក្តី