បន្ទាយមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីជំនាញយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរយៈ៣ថ្ងៃ នៅស្រុក.ក្រុងចំនួន៣ ដែលជាតំបន់ឆ្លងកូវីដ-១៩ ក្នុងសហគមន៍ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ជាការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងវិធានការក្រសួងសុខាភិបាល រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវ និងទីតាំងតំបន់ប្រឈមរយៈពេល៣ថ្ងៃកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមដងផ្លូវក្នុងតំបន់ក្រុងប៉ោយប៉ែតរយៈពេល១ថ្ងៃពេញ។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានចុះបាញ់តាមដងផ្លូវជាតិលេខ៥ និងផ្លូវលំមួយចំនួនក្នុងទីប្រជុំជនក្រុងសិរីសោភ័ណ។ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ត្រូវបានដឹកនាំចុះបាញ់តាមដងផ្លូវប្រជុំជនមុខផ្សារស្រុកម៉ាឡៃ។
ឯកឧត្តម បានបន្តថា ការយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរយៈពេល៣ថ្ងៃ លើ៣ស្រុក.ក្រុង ក្នុងខេត្តបន្ទាយមានជ័យ គឺបាញ់លើតំបន់ដែលប្រឈមនិងសំខាន់ដែលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលក្នុងសហគមន៍ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំបានចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីបង្ការទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ក្នុងសហគមន៍។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា៖យុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគនិងបង្ការទប់ស្កាត់កូវីដ១៩ សុំអោយបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវទប់ស្កាត់អោយបានការពាររីករាលដាលក្នុងសហគមន៍ត្រូវចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់កូវីដ-១៩ ៣ការពារ និង៣កុំ៕ ដោយ៖សេរី