បន្ទាយមានជ័យ៖នៅវេលាម៉ោង៧នឹង៥៤នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកស្វាយចេក ចេញល្បាតពេលយប់ប្រទះឃើញ និងបានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅធ្វើចត្តាឡីស័ក ពលករខ្មែរចំនួន ៩ នាក់ ដែលបម្រុងលួចឆ្លងដែនទៅថៃដោយខុសច្បាប់ នៅចំណុចក្នុងចំការស្វាយចន្ទីក្បែរព្រំដែន ក្នុងភូមិរបើកស្វាយ ឃុំ.ស្រុកស្វាយចេក ខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ឯក ជា ឈ្លូញ អធិការនគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ក្រោយពេលឃាត់ខ្លួនពលករប្រុស.ស្រី ទាំង ៩ នាក់ ដើម្បីសាកសួរ តាមចម្លើយពលករ គឺពួកគាត់បម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់យកម្នាក់តំលៃ ៥.០០០ បាត ជូនដល់កន្លែងធ្វើការរកការងារអោយធ្វើ នៅពេលដែលពួកគាត់ត្រូវបានមេខ្យល់ដឹកទំលាក់នៅចំការស្វាយចន្ទីក្បែរព្រំដែន ហើយពេលយប់ម៉ូតូបម្រុងដឹកចេញ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
លោកវរសេនីយ៍ឯក ជា ឈ្លូញ បានបន្តថា ពលករខ្មែរចំនួន៩នាក់ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ក្រោយធ្វើកិច្ចសន្យាហើយណែនាំត្រូវបានបញ្ជូនទៅដាក់មណ្ឌល ដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ៕ដោយ៖អៀងសេង