បន្ទាយមានជ័យ៖ ខឹងវ៉ៃដណ្តើមសង្សា នាំបក្ខពួកស្ទាក់កាប់បណ្តាលជនរងគ្រោះដាច់.ក ខាងឆ្វេង និងរបួសក្បាលធ្ងន់ធ្ងរ ត្រូវបានឃាត់ខ្លួន៥ នាក់ ជនដៃដល់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៥នាក់មាន១.ឈ្មោះ ស៊ុន រ៉ាម៉ី ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ហៃ ម៉េងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ៣.ឈ្មោះ ផាត ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ ជិន មិថុនា ភេទប្រុស អាយុ១៨ឆ្នាំ ៥.ឈ្មោះ ថន អារុណប្រាថ្នា ហៅ ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជនសង្ស័យរស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបន្តថា៖ក្រោយទទួលពាក្យបណ្តឹងឈ្មោះ ខាន់ លីហ័ង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត បានប្តឹងក្មេងស្ទាវ១ក្រុម បានធ្វើសកម្មភាពកាប់ទៅកូនប្រុសរបស់គាត់ឈ្មោះ ឌឿន រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលដាច់ក ដៃឆ្វេង និងរបួសក្បាលរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅពេលកូនប្រុសរបស់គាត់ទៅលេងបាល់នៅក្លិបបាល់ទាត់ស្ពតវើលស្ថិតភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបន្ថែមថា៖ក្រោយទទួលបណ្តឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ឌឿន រ៉ានុត បានដកហូតវត្ថុតាងមានកាំបិតកែឆ្នៃដងដែក ១ ប្រវែង ១៨៥សង់ទីម៉ែត្រ កាំបិតប៉័ងតោ១ ពូថៅ១ ឈើជ្រុង១ ម៉ូតូ ១គ្រឿង ដែលឃាត់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅភូមិសន្តិភាព សង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ៥នាក់ បានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការសាកសួរ តាមចម្លើយសារភាព មូលហេតុដែលពួកគេកាប់ទៅលើជនរងគ្រោះឈ្មោះ ឌឿន រ៉ានុត ព្រោះគំនុំរឿងដណ្តើមសង្សាឈ្មោះ ស៊ុន រ៉ាម៉ី ហើយធ្លាប់កាប់ និងវ៉ៃទៅលើពួកគេទើបគំនុំសងសឹកស្ទាក់កាប់វិញ ក្រោយសាកសួរហើយជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕ដោយ៖សុខទី