សៀមរាប៖អាជ្ញាធរស្រុកស្វាយលើ បានចុះទៅឃាត់អេស្កាចំនួន២គ្រឿងដែលកំពុងឈូសព្រៃរបស់រដ្ឋ។ប៉ុន្តែម្ចាស់ដីប្រាប់សមត្ថកិច្ចថា សុំរង់ចាំ១រយៈពេលសិនដើម្បីបង្ហាញប្លង់ដីជូនជ្រាប។
ហេតុការណ៍ចុះឃាត់នេះធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
ប្រភពព័ត៌មានបានឲ្យដឹងថា មានករណីឈ្មួញលួចឈូសឆាយដីព្រៃក្នុងតំបន់ហាមឃាត់(ខាងក្រោយស្នាក់ការ បរិស្ថាន អូរថ្មដាប់)។ការឈូសឆយនេះធ្វើឡើងជិត១សប្តាហ៍មកហើយ ដោយគេសន្និដ្ឋានថាអស់ផ្ទៃដីប្រមាណជាជិត៥០ហិចតា ។ប្រភពបន្តថា ការខូចខាតមានដើមឈើធ្នង់និងដើមឈើលេខ២ជាច្រើនដើមត្រូវបានផ្តួលរលំ ហើយថ្មភក់ជាច្រើនផ្ទាំងត្រូវបានគេឈូសចោល។ប្រភពបន្ថែមថា ដីព្រៃទាំងនោះលឺថាមានម្ចាស់ត្រឹមត្រូវ ហើយគេបានទិញពីពលរដ្ឋអាស្រ័យផលចំនួនជិត១០០ហិចតា។តែមិនទាន់ឃើញមានបង្ហាញប្លង់ដីដល់សមត្ថកិច្ចនៅឡើយ។ប្រភពបន្ថែមថាករនីខាងលើនេះគឺគេមានការសង្ស័យថា មានមន្ត្រីមួយចំនួនអាចពាក់ព័ន្ធនឹងករណីខាងលើនេះ។ប្រភពបន្ថែមថា ម្ចាស់ដីដែលគេអួតក្អេងក្អាងថាមានច្បាប់ត្រឹមត្រូវនោះមានឈ្មោះភី ថាញ់ ភេទប្រុសអាយុ៦៧ឆ្នាំរស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។រីម្ចាស់អេស្ការមានឈ្មោះសុខុម សារិន ភេទប្រុសអាយុ៣៣ឆ្នាំ ស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅស្រុកក្រឡាញ់ ខេត្តសៀមរាប។
យ៉ាងនោះក្តី លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ បានឲ្យដឹងថា ករណីនេះកម្លាំងសមត្ថកិច្ចបានទទួលបទបញ្ជារពីលោកអភិបាលស្រុក ឲ្យចុះពិនិត្យតីតាំងខាងលើ និងដកហូតយកអេស្ការបានចំនួន២គ្រឿងយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើ រង់ចាំចំណាត់ការបន្តទៀត។លោកបន្តថា ខាងលោកកំពុងនៅរង់ចាំម្ចាស់ដីយកប្លង់ដីដែលគេអះអាងថា មានប្លង់ត្រឹមត្រូវដើម្បីពិនិត្យទាំងអស់គ្នា។
ស្រដៀងគ្នានោះដែរលោកអៀ ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា ករណីខាងលើនេះ បន្ទាប់ពីខាងលោកទទួលបានព័ត៌មានភ្លាម លោកបានបញ្ជារកម្លាំងចុះដល់គោលដៅនឹងបានដកហូតអេស្ការចំនួន២គ្រឿងយកមកសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីមានវិធានការបន្ត។
ពលរដ្ឋមានការសាទរទៅនឹងចំណាត់ការរបស់សមត្ថកិច្ចស្រុកស្វាយលើ ដែលមានវិធានការចុះបង្ក្រាបការរុករានដីព្រៃពីសំណាក់ក្រុមឈ្មួញបានទាន់ពេល ខណៈដីព្រៃរបស់បច្ចុប្បន្នត្រូវបានក្រុមឈ្មួញលួចទន្ទ្រានយកទាំងកំរោល៕ដោយ៖ភក្តី