Saturday, November 23, 2024
Header Banner

កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀនជនជាតិចិនម្នាក់ និងដកហូតថ្នាំញៀនជិត ៧គីឡូក្រាម

ភ្នំពេញ៖  ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១១នឹង៣៥នាទី នៅចំណុចបេនឡានអូរឫស្សី ផ្លូវលេខ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២ BIS ផ្លូវទន្លរមេគង្គ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ និងថ្នាំញៀនជិត៧គីឡូក្រាម ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប។

ប្រតិបត្តិការបង្ក្រាបករណីខាងលើ ដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថាឧក្រិដ្ឋជនគ្រឿងញៀន ឈ្មោះ ហ្វាន អ៊ី (FAN YI) ភេទប្រុស កើត១/៧/១៩៧២ ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតរួមមានៈ ១. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឈរ), ២.កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g, ៣. មេតំហ្វេតាមីន(ICE) 93.19g។ វត្ថុតាងគ្រឿងញៀន សរុប6 kg 643.91g, សារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1kg។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ដោយ៖ធានី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម