Wednesday, May 14, 2025
Header Banner

ស្ថានការភ្លើងឆេះព្រៃលិចទឹកជាច្រើនថ្ងៃនោះត្រូវបានអាជ្ញាធរខេត្តសៀមរាបគ្រប់គ្រងបានហើយ

សៀមរាប៖អាជ្ញាធរបានឲ្យដឹងថា អគ្គិភ័យឆាបឆេះព្រៃលិចទឹកដែលអូសបន្លាយអស់រយៈពេលជិតមួយសប្តាហ៍មកហើយនោះត្រូវបានអាជ្ញាធរចម្រុះនៃខេត្តសៀមរាប ប្រឹងប្រែងបង្ការនិងពន្លត់បានជិត៨០%ហើយ។

នៅក្នុងហេតុការណ៍ដឹកនាំចុះពន្លត់អគ្គិភ័យនោះដែរ គេឃើញមានវត្តមានឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប និងអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនបានចូលរួមដើម្បីរកវិធីជួយបង្ការនិងពន្លត់។ក្នុងនោះដែរដោយមានភ័ព្វសំណាងល្អផងនៅរាត្រីថ្ងៃទី១៨នេះមានភ្លៀង១មេបានបង្អោរមកធ្វើឲ្យអគ្គិភ័យបានរលត់ ហើយទឹកចិត្តបងប្អូនប្រជាពរដ្ឋនិងអាជ្ញាធរមានក្តីសប្បាយរីករាយឡើងវិញបន្ទាប់នឿយហត់ជិតសប្តាហ៍មកនេះ។របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងជាបឋមថា រហូតមកដល់ម៉ោង២១និង៣០នាទីយប់ថ្ងៃទី១៨ខែឧសភានេះ ករណីអគ្គិភ័យនេះបណ្ដាលឲ្យខូចខាតព្រៃលិចទឹកអស់ប្រមាណជាជិត៣០ហិចតា ហើយមូលហេតុនៃការឆាប់ចេះនេះសមត្ថកិច្ចនៅមិនទាន់សន្និដ្ឋានបាននៅឡើយ។ការឆេះនេះផ្ដើមចេញពីតំបន់ព្រៃលិចទឹកសង្កាត់ចុងឃ្នៀសកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១ រួចឆ្លងមកសង្កាត់សៀមរាបនិងរាលមកដល់តំបន់ទេសចរបឹងពារាំងសង្កាត់ជ្រាវ នៅល្ងាចនេះតែម្ដង។ចំណែកកម្លាំងអាជ្ញាធរមូលដ្ឋានបានសហការជាមួយកម្លាំងសមត្ថកិច្ចខេត្ត បានយ៉ាងល្អប្រសើរ។ក្នុងនោះដោយបានជំនួយគ្រឿងចក្ររបស់អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប ដើម្បីចូលឈូសព្រៃដែលឆេះ ដើម្បីឲ្យរថយន្តពន្លត់អគ្គិភ័យចូលទៅពន្លត់បានងាយស្រួល។សូមរម្លឹកផងដែរថា នៅឆ្នាំមុនក៏មានករណីឆេះព្រៃលិចទឹកនៅតំបន់ខាងលើនេះដែរ។តែនៅឆ្នាំនេះអាជ្ញាធរនិងសហគមន៍ទេសចរណ៍បឹងពារាំង បានធ្វើផ្លូវការពារភ្លើងឆេះព្រៃបានមួយចំនួនហើយ ដោយនៅបន្តធ្វើថែមទៀតដើម្បីបង្ការករណីគ្រោះអគ្គិភ័យបែបនេះម្តងទៀត៕ដោយ៖សៀមរាបថែមស៍

ផ្សាយពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម