សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសារវត្តភ្នំក្រោមមានកម្ពស់ខ្ពស់ពេក រថយន្តពន្លត់អគ្គិភ័យមិនអាចឡើងរួច ទើបពលរដ្ឋនិងសមត្ថកិច្ចបានសហការជួយពន្លត់ បានដោយជោគជ័យ ហើយករណីទុស្សេខ្សែភ្លើងនេះបានបណ្តាលឲ្យឆាបឆេះកុដិ១ខ្នងនិងខូចខាតសម្ភារមួយចំនួន។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង០០នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១នៅត្រង់ចំណុចវត្ត ព្រះព្រហ្មភ្នំរំចង់ ក្រឡះវិលវង្ស សុវណ្ណបុប្ផា គិរីចុងកោះ ជម្ពូព្រឹក្សា(ហៅវត្តខ្នងភ្នំក្រោម)ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងខេត្តសៀមរាប។
លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះកុដិព្រះសង្ឃចំនួន០១ខ្នងទំហំ៤×៦ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសីឆេះទាំងស្រុង។លោកបន្តថា ការខូចខាត កុដិចំនួន០១ខ្នង រថយន្តកែច្នៃចំនួន០១គ្រឿង ម៉ូតូចំនួន០១គ្រឿង ម៉ាស៊ីនភ្លើងចំនួន០១គ្រឿង នឹងសម្ភារៈផ្សេងៗមួយចំនួន។លោកបន្ថែមទៀតថា ក្នុងករណីពន្លត់អគ្គិភ័យនេះបានកិច្ចសហការពីព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ។លោកបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះបណ្តាលមកពីទុស្សេខ្សែភ្លើង។លោកអធិការបញ្ជាក់ថា ករណីនេះពន្លត់ហើយជាស្ថាពរនៅម៉ោង០៧និង៣០នាទី ហើយក្នុងករណីអគ្គិភ័យនេះមិនមានបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ៕ដោយ៖សៀមរាបថែមស៍