ភ្នំពេញ៖ មនុស្សប្រុសស្រីជាង៦០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្មក់បង្ក្រាបកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយមន្ទីរពេទ្យរបេង ក្នុងអាគារខុនដូរមួយកន្លែងជាប់ផ្លូវ៩៥ កែងផ្លូវ២៨៨ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សមត្ថកិច្ចឱ្យដឹងថា មនុស្សប្រុសស្រីជាង៦០នាក់នេះ មានភាគច្រើនជាជនជាតិចិន និងជនជាតិវៀតណាម បានបង្កើតកម្មវិធីជួបជុំគ្នាផឹកសីុ ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល ពេលបង្ក្រាបនេះក៏បានរកឃើញមានជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនថែមទៀតផង ។
ក្រោយបង្ក្រាបសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងនាំខ្លួនមនុស្សប្រុសស្រីទាំងអស់នេះទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់ ដើម្បីសួរនាំ និងកសាងសុំណុំរឿងចាត់ការបន្តតាមច្បាប់៕ដោយ៖ ធានី