សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាកលុចស៊ីសRX 330 បើកបរក្នុងល្បឿនលឿនទាំងងងុយដេក បានរ៉េចង្កូតទៅបុកអ្នកជិះកង់និងបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល២នាក់ រួចបើករត់គេចយកទៅគ្របចោល សំណាងណាស់សមត្ថកិច្ចរកឃើញនឹងអូសយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង១០នាទីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១ត្រង់ចំណុចខាងលិចស្ពានទឹកវិល លើផ្លូវ ជាតិលេច៦ស្ថិតភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយ រថយន្តម៉ាកលុចស៊ីសRX 330 ពណ៌ ស ពាកស្លាកលេខ ភ្នំពេញ 2AW 8458 បើកបរមានទិសដៅពីកើតទៅលិច(អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បានបុកអ្នកជិះកង់ប៉ើងធ្លាក់ចូលប្រឡាយបណ្តាលឲ្យស្លាប់នៅនឹងកន្លែងរួចបើករត់ជ្រុលទៅបុកម៉ូតូ មានទិសដៅពិលិចទៅកើតបណ្តាលឲ្យប្តីបាក់ជើងនិងប្រពន្ធរបួសស្រាល។សមត្ថកិច្ចបន្តថា សពអ្នកជិះកង់ឃើញមានអត្តសញ្ញាបណ្ណ ឈ្មោះ ម៉ី រដ្ឋា ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើតនៅ ឃុំ កោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។បច្ចុប្បន្ន នៅរាជធានីភ្នំពេញ។
ចំណែកអ្នកជិះម៉ូតូមានឈ្មោះប៊ុន ប៉ូ ភេទប្រុស អាយុ ៥១ឆ្នាំ មានដឹកប្រពន្ឋពីក្រោយ ពួកគាត់រស់នៅភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង។សមត្ថកិច្ចបន្ថែមថា ករណីនេះគេសង្ស័យអ្នកបើកបររថយន្តងងុយដេកបានរ៉េចង្កូតទៅបុក កង់ រួចបុក ម៉ូតូជិះ២នាក់ប្ដីនិងប្រពន្ធ រួចបើករត់យកទៅគ្របចោលនៅភូមិអំពិល ឃុំខ្នាត ស្រុកពួក ក្នុងដីដែលគ្មានអ្នកនៅ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអូសយកវត្ថុតាង និងរៀបចំសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ដោយ៖សៀមរាបថែមស៍