សៀមរាប៖លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មានហេតុការណ៍បង្កភ្ញាក់ផ្អើលមួយនៅព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២១នេះដោយ បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើម៉ូតូនៅចំណុចមុខសណ្ឋាគារសុខាសៀមរាប ផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្រុមទី៦ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាមក្រុងសៀមរាប។
លោកបន្តថា ដោយមានសេចក្តយីរាយការណ៍ពីពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ទើបកម្លាំងសមត្ថកិច្ចជំនាញចុះ ស្រាវជ្រាវដល់កន្លែងកើតហេតុ។លោកបន្តថា បើតាមការបំភ្លឺសាក្សីឈ្មោះកាយ ផល្លី ភេទប្រុស អាយុ ៤០ឆ្នាំរស់នៅភូមិឃុំខាងលើបានឲ្យដឹងថា សាកសពខាងលើ ឈ្មោះសម្បត្តិ មុន្នី ហៅចិន បានផឹកស្រាថ្នាំជាមួយរូបខ្លួនតាំងពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២១ខែឧសភាឆ្នាំ២០២១ ជានៅចំណុចភូមិបឹងដូនប៉ា រហូតដល់យប់ជ្រៅដោយខ្លួនទាំងពីរស្រវឹងខ្លាំងក៏បែកគ្នា លុះព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០២១ ស្រាប់តែមានមិត្តភ័ក្កប្រាប់ថាឈ្មោះសម្បត្តិ មុន្នី ហៅចិន បានដេកស្លាប់លើម៉ូតូនៅចំណុចកើតហេតុខាងលើ ហើយសាក្សីរូបនេះក៏បានបញ្ជាក់បន្ថែមផងដែរថា សាកសពបានផឹកស្រាជាបន្តបន្ទាប់ប្រមាណបី-បួនថ្ងៃជាប់គ្នា ហើយទំនងមិនបានហូបអាហារគ្រប់គ្រាន់ទៀតផង។ក្នុងនោះតាមការបញ្ជាក់ពីឈ្មោះកែវ សំណាង ភេទស្រី អាយុ ៣៣ឆ្នាំ ជាអ្នកលក់ដូរមានតូបជិតកន្លែងកើតហេតុបានឲ្យដឹងថា ខ្លួនបានក្រោកពីដេកបើកទ្វារដើរចេញពីតូបលក់ដូរ ស្រាប់តែឃើញសាកសពខាងលើបានដេកស្លាប់នៅលើម៉ូតូនៅកន្លែងកើតហេតុ ក្នុងនោះផងដែរក៏មានឈ្មោះមាស សំអន ភេទប្រុស អាយុ៤២ឆ្នាំបានកំពុងរត់ហាត់ប្រាណប្រទះឃើញករណីនេះផងដែរ ដោយគាត់បានយកឈើទៅចាក់ឃើញថាមនុស្សប្រុសនោះ មានសភាពរឹងទើបសន្និដ្ឋានថាត្រូវបានស្លាប់បាត់ទៅហើយក៏នាំគ្នាប្ដឹងរាយការណ៍ជូនសមត្ថកិច្ច។លោកបញ្ជាក់ថា តាមការពិនិត្យជាក់ស្ដែងសាកសពឈ្មោះសម្បត្តិ មុន្នី ហៅចិន ភេទប្រុស អាយុ ៤១ឆ្នាំ បានដេកស្លាប់នៅលើម៉ូតូចំណែករាងកាយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ។ បើតាមការបញ្ជាក់របស់លោកង៊ិតឆបឆរ័ត្ន វេជ្ជបណ្ឌិតផ្នែកកោសលវិច័យ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ សន្និដ្ឋានថាការស្លាប់ខាងលើបណ្ដាមកពីគាំងបះដូង (ខ្យល់គរ )។
បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ភក្តី