Saturday, May 4, 2024
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

សមាជិករដ្ឋសភាកម្ពុជា-ចិន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖របាយការណ៍បានឲ្យដឹងថា ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីរវាងសមាជិករដ្ឋសភាវ័យក្មេងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយសមាជិកសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដឹកនាំដោយ លោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចែករំលែកព័ត៌មាន ពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈ ជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។

កិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូ ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅសភាប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

មានប្រសាសន៍ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈប្រតិភូសមាជិករដ្ឋសភាវ័យក្មេងកម្ពុជា ក៏ដូចជាលោកជំទាវ វ៉ាង ហុងយ៉ាន (Wang Hongyan) ប្រធានគណៈប្រតិភូសភាវ័យក្មេងនៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស សុទ្ធតែបានមានប្រសាសន៍រំលេចពីសារៈសំខាន់នៃកិច្ចប្រជុំនាថ្ងៃនេះ ដោយចាត់ទុកថា នេះជាវេទិកាមួយ ដែលអនុញ្ញាតឲ្យសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ មានឱកាសចែករំលែកព័ត៌មាន បទពិសោធន៍ការងារ និងពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហារួមរបស់ប្រទេសទាំងពីរ ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងពិភពលោក។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំទ្វេភាគីដ៏សំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំងនូវភាពរឹងមាំនៃចំណងមិត្តភាពកម្ពុជា-ចិន ក្នុងការកសាងសហគមន៍ជោគវាសនារួម ដែលមានលក្ខណៈយុទ្ធសាស្រ្ត ជាពិសេសរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាតំណាងប្រជាជនចិនទូទាំងប្រទេស ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្រសិទ្ធនាមថា “ចំណងមិត្តភាពដែកថែប” និងបានបង្កើតជា ”ទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ”។

នៅក្នុងកិច្ចប្រជុំនេះ សមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ បានផ្ដល់បទអន្តរាគមន៍ និងពិភាក្សាលើប្រធានបទចំនួនបីផ្សេងគ្នា យ៉ាងក្បោះក្បាយ ដោយរំលេចចេញនូវខ្លឹមសារសំខាន់ៗ ជាច្រើនជូនដល់អង្គប្រជុំ ទៅតាមប្រធានបទនីមួយៗ មានដូចជា៖

ប្រធានបទទី១គឺ « ការលើកកម្ពស់សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការរក្សាពហុភាគីនិយម និងការកសាងវិបុលភាពសម្រាប់មនុស្សជាតិ តាមរយៈការបន្តគាំទ្រគ្នា និងសហការគ្នាលើគ្រប់ទិដ្ឋភាព ក្នុងដំណាក់កាល និងក្រោយការរីរាលដាលនៃជំងឺកូវីដ១៩»។ សម្រាប់ការផ្ដល់បទអន្តរាគមន៍លើប្រធានបទទី១នេះ សមភាគីចិនមានឯកឧត្ដម Chen Fuli សមាជិកគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិនទូទាំងប្រទេស និងឯកឧត្ដម Zue Guang សមាជិកសភា នៃសភាខេត្តយូណាន ឯខាងភាគីកម្ពុជាគឺមានឯកឧត្ដម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។ នៅក្នុងប្រធានបទទី១នេះ ភាគីទាំងពីរបានបង្ហាញយ៉ាងច្បាស់ពីភាពមិនអាចខ្វះបាននៃស្មារតីពហុភាគីនិយម ជាពិសេសកិច្ចគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ទាំងក្នុងអំឡុង និងក្រោយពេលកូវីដ-១៩ ដើម្បីរួមគ្នាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងវិបុលភាពសម្រាប់មនុស្សជាតិ គឺស្របនឹងឃ្លាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែលថា “គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបប្រទេសទាំងអស់មិនមានសុវត្ថិភាព”។

ប្រធានបទទី២គឺ «ការកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចសង្គមដោយជំងឺកូវីដ-១៩ និងការលើកកម្ពស់នូវភាពធន់ក្រោយការរាតត្បាតជាសកលនៃជំងឺនេះ ៖ បទពិសោធន៍ និងទស្សនាទាន»។ ប្រធានបទនេះ ខាងភាគីចិនមានឯកឧត្ដម Guo Hongquan សមាជិកសភា នៃសភាប្រជាជនចិនទូទាំងប្រទេស ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯខាងកម្ពុជា គឺមានឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា ជាអ្នកផ្ដល់បទអន្តរាគមន៍។ ដោយភាគីទាំងពីរបានបង្ហាញពីសារៈសំខាន់នៃការផ្លាស់ប្តូរ ព័ត៌មាន បទពិសោធន៍ និងទស្សនៈរវាងកម្ពុជា ចិន ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ដែលជះឥទ្ធិពលដោយជំងឺកូវីដ-១៩ និងជាពិសេសគឺការធ្វើការរួមគ្នា ដើម្បីបង្កើនភាពធន់សម្រាប់សេដ្ឋកិច្ចសង្គម បន្ថែមទៀត ក្រោយវិបត្តិនេះត្រូវបានបញ្ចប់។

ចំណែកប្រធានបទទី ៣គឺ «ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសភាចិន-កម្ពុជា ជាពិសេស ទំនាក់ទំនងនៃសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ឆ្ពោះទៅកាន់ការពង្រឹងនីតិរដ្ឋ»។ សម្រាប់ប្រធានបទទី៣នេះ ខាងភាគីកម្ពុជាមាន លោកជំទាវ ម៉ាណ ណាវី តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ជាអ្នកផ្ដល់បទអន្តរាគមន៍ ឯភាគីចិនមាន ឯកឧត្តម Wang Sen សមាជិកសភា នៃសភាតំបន់វិនហ្សាន ខេត្តយូណាន។ តាមរយៈប្រធានបទទី៣ គណៈប្រតិភូប្រទេសទាំងពីរ ក៏បានពិភាក្សាបន្ថែម លើគោលដៅបន្តជំរុញឲ្យបាននូវកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ ឆ្ពោះទៅរកការពង្រឹងនីតិរដ្ឋ ដែលជាធាតុមួយដ៏ចាំបាច់ក្នុងចំណោមធាតុនានាដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពជារួមរបស់សង្គមជាតិ។

មានប្រសាសន៍ថែ្លងបិទកិច្ចប្រជុំ ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងបង្ហាញសេចក្តីសោមនស្សរីករាយក្រៃលែងចំពោះលទ្ធផលដែលសម្រេចបានដោយកិច្ចប្រជុំទ្វេភាគីនាពេលនេះ ជាពិសេសការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងទស្សនៈនៃការចូលរួមផ្ទាល់ជាមួយបក្ស និងរដ្ឋាភិបាលនៅក្នុងកិច្ចការជាតិ និងអន្តរជាតិ ក៏ដូចជាទស្សនវិស័យឆ្ពោះទៅអនាគតនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេងដើម្បីកសាងសហគមន៍ជោគវាសនារួមដែលមានលក្ខណៈពិសេស គឺពេញលេញ ពិតប្រាកដ កម្រិតខ្ពស់ និងស៊ីជម្រៅ ថែមទៀត៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner
ព័ត៌មានស្រដៀងគ្នា

ព័ត៌មានពេញនិយម