Saturday, November 23, 2024
Header Banner

ផ្សារសាមគ្គី ត្រូវរដ្ឋបាលខេត្តសៀមរាបសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១

សៀមរាប៖ យោងតាមហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២១រដ្ឋបាលខេត្តបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មីចំនួន៣នាក់និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ក្នុងចំណោមអ្នកទាំង៣នាក់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ម្នាក់ឈ្មោះស៊ុំសុធាភេទស្រីអាយុ៥០ឆ្នាំដែលមានអាសយដ្ឋាននៅភូមិស្ពានក្អែកឃុំកណ្ដែកស្រុកប្រាសាទបាគងជាអាជីវករលក់កាហ្វេយីហោឧម៉ាលក់កាហ្វេនៅប៉ែកខាងមុខឈាងខាងលិចនៃផ្សារសាមគ្គីស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាប។ស្ត្រីរូបនេះបានធ្វើដំណើរទៅចូលរួមពិធីបុណ្យសពសាច់ញាតិនៅរាជធានីភ្នំពេញនៅចន្លោះថ្ងៃទី៨-៩ខែឧសភាឆ្នាំ២០២១និងបានធ្វើដំណើរត្រឡប់មកខេត្តសៀមរាបវិញតាមរថយន្តក្រុងនៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២១។

ពាក់ព័ន្ធនឹងករណីនេះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសម្រេចបិទការចេញ-ចូលជាបណ្ដោះ-អាសន្នក្នុងបរិវេណផ្សារសាមគ្គីដែលស្ថិតនៅភូមិបន្ទាយចាស់សង្កាត់ស្លក្រាមក្រុងសៀមរាបចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះរដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើឬធ្លាប់ចូលទិញកាហ្វេពីទីតាំងខាងលើឬធ្លាប់បានចេញ-ចូលផ្សារសាមគ្គីចាប់ពីថ្ងៃទី១១ខែឧសភាឆ្នាំ២០២១សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ប្រសិនបើមានការប្រែប្រួលសុខភាពសូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២៩៥៥៤៧៤/០៧៧៧៨៩០០៧ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាបសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាលនិងការណែនាំរបស់ក្រសួងសុខាភិបាល៕ដោយ៖ភក្តី

ផ្សាយពាណិជ្ជកម្ម
Header Banner
ផ្សាយពាណិជ្ជកម្ម
Header Banner

ព័ត៌មានពេញនិយម