សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា មានការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីមានការបង្ហោះព័ត៌មាននៅក្នុងបណ្តាញសង្គម ដោយបានរិះគន់ថា ស្ត្រីម្នាក់បានស្លាប់ក្រោយពីបានលេបថ្នាំដែលបានមកពីរបស់គ្លីនិកជា ឡេង នៅស្រុកពួក នោះរួចមក កម្លាំងសមត្ថកិច្ចជំនាញនៃខេត្តសៀមរាប បានចុះទៅធ្វើកោសល្យវិច័យលើសពម្ដងទៀត ហើយលទ្ធផលចេញមកខុសគ្នារវាងគ្រួសាររងគ្រោះនិងគ្រូពេទ្យជំនាញ។
ករណីនេះដែរសមត្ថកិច្ចបានបង្ហើបឲ្យដឹងនៅថ្ងទី២៦ខែឧសភានេះថា បន្ទាប់ពីមានការបង្ហោះតាមបណ្តាញសង្គម រិះគន់ មកលើស្ថាប័នគ្រូពេទ្យស្រុកពួករួចមក នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចជំនាញរបស់ស្រុកនិងខេត្តសៀមរាបបានចុះទៅធ្វើកោសល្យវិច័យលើសពជនរងគ្រោះឈ្មោះ ហ៊ាន ធន់ ភេទ ស្រី អាយុ៣៣ ឆ្នាំ រស់នៅភូមិគោកដូង ឃុំ ត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ដែលបានដេកស្លាប់នៅលើគ្រែ សំយាបផ្ទះជ្រុងខាងលិច បែរក្បាលទៅទិសខាងត្បូង។យោងតាមការបំភ្លឺរបស់ឳពុកក្មេកឈ្មោះ ឈឿង ឡាំ ភេទប្រុស អាយុ៦៧ ឆ្នាំ តាមការអះអាងរបស់ ប្តីជនរងគ្រោះឈ្មោះ ឡាំ លាត ភេទប្រុស អាយុ ៣៦ ឆ្នាំ និង ឈ្មោះ ឡាំ លាក់ ភេទ ស្រី អាយុ ២៦ ឆ្នាំ(ត្រូវជាប្អូនថ្លៃ ) នៅភូមិគោកដូង ឃុំ ត្រីញ័រ ស្រុកពួក ខេត្តសៀមរាប (ក្រុមគ្រួសារសព)
បានអោយដឹងថា៖ នៅក្នុងអំឡុងខែ ៤ទៅខែ៥ មិនចាំថ្ងៃទី ក្នុងឆ្នាំ២០២១ ឈ្មោះ ហ៊ាន ធន់ ភេទស្រី អាយុ ៣៣ ឆ្នាំ (សាកសព) បាននិយាយប្រាប់ថារូប គាត់ មានអាក្ការៈ ថ្លោះផ្នែក កញ្ចឹងក ចង្កេះ បន្ទាប់ពីបាត់ឈឺត្រង់ចង្កេះនិងក ស្រាប់តែឈឺ ហើមសន្លាក់ជើងខាងស្តាំម្តង រួច ប្រហែលជាមួយអាទិត្យមុនបានទៅព្យាបាលនៅមន្ទីរសម្រាកព្យាបាល ជា ឡេង រឺ មន្ទីរសម្រាកកព្យាបាល ស៊ី អិល ស៊ី ម្ដុំផ្សារពួក ភូមិចំបង់ហែ ឃុំ ពួក ស្រុកពួក ខេត្តសៀមរាប។សមត្ថកិច្ចបានបន្តថា ការធានាអះអាងរបស់ក្រុមគ្រួសាសពថាសពពិតជាស្លាប់ដោយសារជំងឺប្រចាំកាយខ្លួនឯងពិតប្រាកដមែនពុំមានសង្ស័យលើករណីផ្សេងឡើយហើយក៏មិនបានដាក់ពាក្យបណ្ដឹងទាមទារសំណងទៅលើមន្ទីរសម្រាកព្យាបាលខាងលើនោះទេទៅថ្ងៃក្រោយ។តាមការអះអាងរបស់គ្រូពេទ្យខាងឱសថ បានបញ្ជាក់ថាថ្នាំដែលជនរងគ្រោះបានទៅបើកពីមន្ទីរសម្រាកព្យាបាល ជា ឡេង នោះមិនទាន់បានលេបនោះទេ នៅសល់ទាំងអស់ ។សមត្ថកិច្ចអះអាងថាជនរងគ្រោះគឺស្លាប់ដោយគាំងបេះដូង។ ក្រោយការពិនិត្យយើងពុំឃើញមានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ឡើយហើយក៏បានធ្វើកំណត់ហេតុប្រគល់សពជូនសាច់ញ្ញាតិ្តដើម្បីធ្វើបុណ្យតាមប្រពៃណី។
យ៉ាងនេះក្តីមន្ត្រីគ្រូពេទ្យម្នាក់នៅស្រុកពួក បានលើកឡើងថា គ្លីនិក ជា ឡេង មាន៣កន្លែង ទី១ មានទីតាំងនៅផ្លូវជាតិលេខ ៦ ខាងលិចផ្សារពួក ទី២ នៅផ្លូវ ២០២ ជិតរង្វង់មូល ស្រុកអង្គរជុំ ទី៣ នៅ ផ្លូវ ២០២ ដដែល តែ ចុះពីផ្លូវជាតិលេខ ៦ ខាងក្រោយ គ្លីនិកទី ១ ឈ្មោះថា ស៊ី អិល ស៊ី។មន្ត្រីដដែលបន្តថា គេថាជនរងគ្រោះមិនទាន់បានលេបថ្នាំ តែបងប្អូនអ្នកស្លាប់ថា គាត់ជាអ្នកជម្ងឺចាស់ធ្លាប់សម្រាកព្យាបាលនៅ ស៊ី អិល ស៊ី ថ្នាំនេះបើកបន្តពីថ្នាំចាស់ និងមានវេជ្ជបញ្ជាជាភស្តុតាង។វេជ្ជបញ្ជាសរសេរអក្សរខុសអក្ខរាវិរុទ្ធ មិនចំបារាំង ឬអង់គ្លេស។ យករោគសញ្ញាមកធ្វើរោគវិនិច្ឆ័យជម្ងឺ។ វេជ្ជបញ្ជាគ្មានឈ្មោះថ្នាំ តែសរសេរពីការចាក់លើកទី២។ ស្រុកប្រតិបត្តិមិនបានឯកភាពឲ្យបើកគ្លីនិកទី៣ ( ស៊ី អិល ស៊ី) នេះទេ ព្រោះមិនមានគុណវុឌ្ឍគ្រប់គ្រាន់។វេជ្ជបញ្ជានេះគ្មានហត្ថលេខាគ្រូពេទ្យ។ប្រពន្ធរបស់លោក ជា ឡេង ចូល បុណ្យសព ១០ លានរៀល។ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកសារព័ត៌មានបានព្យាយាមទំនាក់ទំនងតាមទូរស័ព្ទទៅគ្លីនិកខាងលើនេះដើម្បីសុំការបំភ្លឺដែរ តែគ្មានអ្នកទទួល។
ជុំវិញការលើកឡើងខាងលើនេះដែរ មហាជននៅតែមានការសង្ស័យថា ជនរងគ្រោះបានស្លាប់យ៉ាងអាថ៌កំបាំង ដោយស្នើឲ្យក្រុមគ្រូពេទ្យនៅខេត្តសៀមរាបមេត្តាធ្វើការដោយមានតម្លាភាព ត្រឹមត្រូវចៀសវាងនូវអំពើពុករលួយ។គួររម្លឹកថា កន្លងទៅក៏មានករណីអ្នកជំងឺនៅស្រុកពួក(គ្លីនិក…) បានស្លាប់យ៉ាងតក់ក្រហល់ខណៈបញ្ជូនមកដល់ផ្ទះ ហើយគ្រួសារសព បានត្រឹមតែសោកស្តាយតែប៉ុណ្ណោះ៕ដោយ៖ភក្តី