ភ្នំពេញ៖នៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបដិសេធសំណើររបស់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន និងរដ្ឋបាលខេត្តមួយចំនួន មានទាំងវិស័យឯកជនផងដែរបានស្នើសុំឲ្យសម្តេច ធ្វើការចាក់វ៉ាក់សាំង រ៉ាយប៉ាយតាមតំបន់ផ្សេងៗ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងបានដាក់ចេញនូវផែនការមេដែលជាយុទ្ធសាស្ត្រ សម្រាប់ដំណើរការចាក់វ៉ាក់សាំង ក្នុងនោះគឺយុទ្ធសាស្ត្រផ្ការីក ដែលចាក់ពីក្នុងចេញក្រៅ ហើយតាមស្ថាប័ន និងរាជធានី-ខេត្ត គឺមិនអាចប្រើវ៉ាក់សាំង ទៅកន្លែងនេះបន្តិច កន្លែងនោះបន្តិចបានទេ បើធ្វើយ៉ាងដូច្នេះ យើងនឹងមិនទទួលបានផលក្នុងការចាក់វ៉ាក់សាំងនោះទេ”។សម្តេចតេជោ បញ្ជាក់ថា ការធ្វើដូច្នេះមិនគ្រប់គ្រាន់ទេ ដោយសារតែមនុស្សរាប់ម៉ឺននាក់ ហើយបើចាក់តាមក្រុមតែប៉ុន្មានពាន់នាក់គ្មានផលប្រយោជន៍ទេ ដូច្នេះបានជារាជរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រ នៃការចាក់វ៉ាក់សាំង ដើម្បីឱ្យមានភាពសាំដែលបានចាក់ស្រោចនៅគ្រប់ទីកន្លែងផ្ដល់អាទិភាព។សម្ដេចតេជោហ៊ុន សែន បញ្ជាក់ថា ”ការចាក់នៅរាជធានីភ្នំពេញ គឺជាអាទិភាពខ្ពស់បំផុតរបស់យើង បន្ទាប់ទៅគឺ បណ្ដាទីប្រជុំជននៅក្នុងខេត្តកណ្ដាល ហើយបន្ទាប់មកបានយើងចេញទៅគោលដៅសំខាន់ៗនានា នៅតាមទីរួមខេត្ត ទីប្រជុំជន និងតំបន់រោងចក្រដែលមានកម្មករកកកុញ”។សម្តេចតេជោ បញ្ជាក់ថា នៅពេលដែលយើងចុះទៅគឺចុះចាក់ស្រោចយកទាំងក្រុងតែម្ដង បើមិនបានទៅតាមជនបទទេក៏យើងប្រមូលផ្ដុំចាក់នៅតាមទីក្រុង ទីប្រជុំជន និងកន្លែងដែលមានកម្មកររស់នៅកកកុញ ជារួមគឺចាក់នៅកន្លែងដែលមានមនុស្សកកកុញជាមុន ធ្វើយ៉ាងដូច្នេះទើបមានភាពសាំក្នុងសហគមន៍ដែលមានអ្នកចាក់វ៉ាក់សាំងបានច្រើន។ សម្ដេចតេជោបញ្ជាក់ថាតាមការប៉ានស្មានចំនួនតួលេខដែលមាន មនុស្សដែលមានអាយុលើសពី១៨ឆ្នាំគឺមានជាង១០ លាននាក់ បើយើងប៉ាន់ស្មានសម្រាប់អ្នកដែលមិនអាចចាក់វ៉ាក់សាំងបានដែលគ្រូពេទ្យហាមឃាត់មិនឱ្យចាក់ គឺចំនួនមនុស្សដែលយើងត្រូវចាក់ប្រមាណជា ១០ លាននាក់៕ដោយ៖ភក្តី