ឧត្តរមានជ័យ៖សេចក្តីរាយការណ៍បានឲ្យដឹងថា បនល្បែងស៊ីសង(សង្វៀនជល់មាន់ បៀ អាប៉ោង)បានឆ្មក់បើកលេងយ៉ាងរលូន ស្ថិតនៅ ផ្លូវចូលអង់តែន ០១១ ត្រង់ចំណុច ចំការស្វាយ ក្នុង ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ប៉ុន្តែករណីនេះសមត្ថកិច្ចបានហាមប្រាមជាញឹកញាប់ផងដែរ។
ប្រភពបានឲ្យដឹងថា ទីតាំងខាងលើនោះត្រង់ចំណុច ចំការស្វាយ ត្រូវបានក្រុមអ្នកញៀនល្បែងនាំគ្នាប្រមូលផ្តុំលេងយ៉ាងគគ្រឹកគ្រេងស្រែកហូរកញ្ជៀវ ជារៀងរាលថ្ងៃ ដោយមិនគិតខ្វល់ខ្វាយពីវិធានការ នៃការទប់ស្កាត់ ពិសេសបាននឹងកំពុងនាំគ្នាផ្គើននិងបំរាមក៏ដូចជា មិនខ្វល់នៃការប្រឈមមុខនិងមុខច្បាប់ក្នុងការដាក់ទោសដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាធរមាននៃការរីករាតត្បាលដល់សហគមន៍នៃ ជម្ងឺកូវីដ.១៩ នោះទេ។
ប្រភពបន្តថា ប្រជាពលរដ្ឋកំពុងមានការព្រួយបារម្មណ៍យ៉ាងខ្លាំងក្នុងករណីដែលអាចមានបទល្មើសផ្សេងៗជាពិសេស អាចផ្ទុះកើតមានឡើងនៃការរីករាតត្បាលដល់សហគមន៍នៃ ជម្ងឺកូវីដ.១៩ ដែលផ្តើមចេញពីក្រុមអ្នកប្រព្រឹត្តបទល្មើសដែលកំពុងលេងល្បែងស៊ីសងខុសច្បាប់ខាងលើ នោះផងដែរ ។
ជុំវិញប្រភពនៃការលើកឡើងខាងលើ នេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាថ្ងៃទី៣១ខែឧសភា នេះថា បន្ទាប់ពីលោកឃើញមានការចុះផ្សាយនៅក្នុងបណ្តាញសង្គមនានា លោកបានចាត់ឲ្យអធិការនគរបាលស្រុកត្រពាំងប្រាសាទ ចុះស្រាវជ្រាវភ្លាមៗផងដែរ។លោកបន្តថា ក្រោយពីស្រាវជ្រាវរួច កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បានប្រាប់ថា កន្លងទៅមានករណីលួចលេងតែត្រូវសមត្ថកិច្ចចុះបង្ក្រាប និងដាក់បំរាម មិនឲ្យមានការលេងល្បែងស៊ីសងដោយខុសច្បាប់ទៀតទេ។លោកបញ្ជាក់ថា ករណីបណ្តាញសង្គម បង្ហោះនោះគឺជារូបភាពចាស់ ហើយបច្ចុប្បន្នលោកបានឲ្យសមត្ថកិច្ចល្បាតនៅតំបន់ខាងលើ ក្រែងមានការលួចលេងល្បែងទៀត។
ជាមួយគ្នានោះដែរ ពលរដ្ឋនៅតែទទួចឲ្យសមត្ថកិច្ចស្រាវជ្រាវឲ្យដល់ឫសគល់ ចុះបង្ក្រាបករណីល្បែងស៊ីសងល្មើសច្បាប់ទាំងនោះផង ព្រោះដើម្បីបង្ការបទល្មើសផ្សេងៗ ជាពិសេសបង្ការការរីករាតនៃ ជម្ងឺកូវីដ.១៩នេះ៕ដោយ៖ភក្តី
រូបភាព ពី(ហ្វេសបុក)