សៀមរាប៖នៅព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅទីបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក បានប្រារព្វពិធីដាំកូនឈើចម្រុះចំនួន១០,០០០ដើម (ដប់ពាន់ដើម) ដាំលើផ្ទៃដីចំនួន ២,៥ ហិកតា (ពីរហិកតាកន្លះ)។
នៅក្នុងពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា មេបញ្ជាការរង នាយសេនាធិការ អភិបាលរងខេត្តសៀមរាប នាយសេនាធិការង យោធភូមិភាគទី៤ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប អភិបាលស្រុកប្រសាទបាគង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប សមាគមចលនាយុវជនកង១៥៧ ប្រចាំខេត្តសៀមរាប និងគ្រប់អង្គភាពចំណុះទីបញ្ជាការយោធភូមិភាគទី៤។
ក្នុងពិធីដាំកូនឈើនេះដែរ គឺមានកូនឈើចម្រុះចំនួន១០,០០០ដើម (ដប់ពាន់ដើម) ដាំលើផ្ទៃដីចំនួន ២,៥ ហិកតា (ពីរហិកតាកន្លះ) ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានមានប្រសាសន៍ថា ការរៀបចំកម្មពិធីនេះឡើង គឺដើម្បីចូលរួមចំណែកក្នុងការកសាងគម្របព្រៃឈើ ទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុក្នុងការចូលរួមកិច្ចការពារបរិស្ថាន និងលើកកម្ពស់រមណីយដ្ឋានអង្គរ ឲ្យកាន់តែស្រស់បំព្រង ម្យ៉ាងទៀតដើម្បីពញ្ញាក់អារម្មណ៍ឲ្យមានការចូលរួមដាំកូនឈើពីមហាជនបន្ថែមទៀត និងការឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការគ្រប់គ្រងអភិរក្សធនធានព្រៃឈើ ធនធានធម្មជាតិ ជីវៈចម្រុះ និងកាត់បន្ថយឥទ្ធិពលវិជ្ជមាននៃការប្រែប្រួលអាកាសធាតុកាត់បន្ថយគ្រោះធម្មជាតិនានា និងស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធនឹងកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ជួយពន្លត់ភ្លើងឆេះព្រៃ និងសូមចូលរួមថែរក្សាព្រៃឈើទាំងអស់គ្នាដើម្បីទុកជាសម្បត្តិរដ្ឋតរៀងទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ ក៏បានធ្វើពិធីប្រគល់នូវវត្ថុបុរាណមួយចំនួនដែលយោធភូមិភាគទី៤បានស្វែងរកឃើញកន្លងមកជូនដល់ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា ដើម្បីគ្រប់គ្រង និងថែរក្សាបន្ត ហើយ ឯកឧត្តម ក៏បានផ្ដល់ជូននូវលិខិតថ្លែងអំណរគុណជូនដល់អាជ្ញាធរជាតិអប្សរា ដែលបានជួយឧបត្ថម្ភកូនឈើចម្រុះដល់ ទីបញ្ជាការយោធភូមិភាគទី៤ និង លោក ហ៊ី ពិសី និងសហការី ដែលបានជួយឧបត្ថម្ភ កូនត្រី ចំនួន ២២,០០០ ក្បាល (ម្ភៃពីរពាន់ក្បាល) ដល់ទីបញ្ជាការយោធភូមិភាគទី៤ សម្រាប់ធ្វើការចិញ្ចឹមផងដែរ ។
ឯកឧត្តម មេបញ្ជាការ ក៏បានអញ្ជើញចែកអាវភ្លៀងជូនដល់បណ្ដាកងឯកភាព ចំណុះទីបញ្ជាការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន ប៊ុនរ៉ានី ហ៊ុន សែន ។ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ក៏បានថ្លែងអំណរគុណ និងសម្ដែងនូវគុណូបការៈគុណជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានចំណាយធនធានផ្ទាល់ខ្លួនគាំទ្រដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ មិនថាពេលនេះ ឬពេលមុនៗផងដែរ ។
ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អស់លោក លោកស្រី និងប្អូនៗ ក្មួយៗ ដែលជាយុវជន នឹងអង្គពិធីទាំងមូល ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើនៅព្រឹកនេះ សូមឲ្យមានសុខភាពល្អ មានកម្លាំងមាំមួន ជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះទាំអស់គ្នា សូមចូលរួមអនុវត្តតាមវិធានការក្រសួងសុខាភិបាល ឲ្យបានម៉ត់ចត់ និងចូលរួមជាមួយវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន នឹងសូមប្រកបតែពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ៕ដោយ៖ភក្តី