សៀមរាប៖បើតាមផេកហ្វេសបុក របស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៣នេះថា រដ្ឋបាលខេត្តបាននឹងកំពុងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងសោភ័ណភាពក្រុងជូនភ្ញៀវទេសចរដែលនឹងអញ្ជើញមកកំសាន្តក្នុងខេត្តសៀមរាបក្នុងឱកាសឈប់សម្រាកសងធំខាងមុខនេះ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃ២១ ខែសីហា ឆ្នាំ២០២០។ រដ្ឋបាលខេត្តក៏បានរៀបចំកម្មវិធីសម្រាប់បងប្អូនដែលអញ្ជើញមកចូលរួមកំសាន្តមានជាអាទិ៍ ៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន ៩.ផ្ទាំងទស្សនីយភាពសិល្បៈ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងមកលេងខេត្តសៀមរាប សូមមានការទទួលខុសត្រូវខ្ពស់ ដោយកុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) កុំភ្លេចរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕